លោក Putin ចុះហត្ថលេខាលើច្បាប់អនុញ្ញាតឲ្យជនបរទេសចូលបម្រើក្នុងជួរកងទ័ពរុស្ស៊ី

មូស្គូ ៖ ពលរដ្ឋគ្មានសញ្ជាតិរុស្ស៊ី ឬជនបរទេស ឥឡូវនេះនឹងទទួលបានការអនុញ្ញាតឲ្យចូលបម្រើក្នុងជួរយោធា នេះបើយោងតាមច្បាប់ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី Vladimir Putin។

សារព័ត៌មាន Tass បានចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដាថា វិសោធនកម្មនេះ បង្កើតឡើងស្របតាមនីតិប្បញ្ញត្តិមួយចំនួន រួមមានច្បាប់ស្ដីពីកាតព្វកិច្ចយោធា និងសេវាយោធា, ច្បាប់ស្ដីពីការការពារជាតិ និងច្បាប់ស្ដីពីស្ថានភាពបុគ្គលិកយោធា។

ស្ថិតក្រោមច្បាប់ថ្មីនេះ បុគ្គលគ្រប់រូបគ្មានសញ្ជាតិរុស្ស៊ី ឬជនបរទេសទាំងឡាយ នឹងអាចចុះកិច្ចសន្យា និងចូលបម្រើក្នុងជួរយោធារបស់ប្រទេសរុស្ស៊ី ហើយច្បាប់នេះ នឹងបន្តរហូតដល់ការចល័តទ័ព ច្បាប់អាជ្ញាសឹក ឬសម័យសង្គ្រាមត្រូវបានបិទបញ្ចប់។

ច្បាប់ថ្មីនេះទៀតសោត នឹងចូលជាធរមានចាប់ពីថ្ងៃចេញផ្សាយជាផ្លូវការ ហើយវាត្រូវបានពន្លឿន ក្នុងគោលបំណងចាត់វិធានការបន្ថែមជាបន្ទាន់ ដើម្បីពង្រឹងកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី នេះបើយោងតាមការបកស្រាយរបស់ឯកសារ។

សារព័ត៌មាន kyiv independent បានរាយការណ៍នៅថ្ងៃទី២ ខែកក្កដាថា ប្រជាជនរុស្ស៊ីជាង ២១០.០០០នាក់ បានចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចូលរួមប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន នេះបើតាមការបញ្ជាក់របស់អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev។

យោងតាមរបាយការណ៍ពីចារកម្មសម្ងាត់លោកខាងលិច និងអ៊ុយក្រែន, កាសែត Wall Street Journal បានរាយការណ៍ថា រុស្ស៊ីបានជ្រើសរើសទាហានថ្មីចន្លោះពី ៣០.០០០ ទៅ ៤៥.០០០នាក់ក្នុងមួយខែ។

តួលេខនេះហក់ឡើងជិតពីរដងនៃអត្រាចល័តទ័ពរបស់អ៊ុយក្រែន។ លោកប្រធានាធិបតី Volodymyr Zelensky និយាយថា យោធាអ៊ុយក្រែនបានជ្រើសរើសកងទ័ពពី ២៥.០០០ ទៅ ២៧.០០០នាក់ក្នុងមួយខែប៉ុណ្ណោះ។

អ៊ុយក្រែនបានប៉ាន់ប្រមាណថា រុស្ស៊ីបានខាតបង់ទាហានជិត ១លាននាក់ ចាប់តាំងពីការលុកលុយទ្រង់ទ្រាយធំបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ យ៉ាងណា រុស្ស៊ីបានប៉ះប៉ូវការខាតបង់របស់ខ្លួន តាមរយៈការជ្រើសរើសពលទាហានថ្មីដ៏ច្រើនសម្បើម និងការហូរចូលនៃទាហានជាប់កិច្ចសន្យា។

កាលពីចុងឆ្នាំ២០២៤ លោកប្រធានាធិបតី Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយបង្កើនទំហំកងកម្លាំងប្រដាប់អាវុធដល់ ២.៣៨លាននាក់ រួមទាំងសមាជិកយោធា ១.៥លាននាក់៕

ប្រភព ៖ Tass និង kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner