ទ័ពអ៊ីស្រាអែលថាបន្តវាយហ្គាហ្សា ទោះនាយករដ្ឋមន្ត្រីទៅអាមេរិកចរចាបទឈប់បាញ់
បរទេស ៖ កងទ័ពនៃប្រទេសអ៊ីស្រាអែល បាននិយាយថា ពួកគេនឹងបន្តវាយប្រហារ នៅក្រុង Beit Hanoun នៃតំបន់ហ្គាហ្សា បើទោះបីជា នាយករដ្ឋមន្ត្រី ប្រទេសនេះ បានហោះទៅអាមេរិក ជួបជាមួយលោក Trump ដើម្បីចរចា ស្វែងបទឈប់បាញ់ ក៏ដោយ។
លោក Effie Defrin អ្នកនាំពាក្យ កងទ័ពអ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃអង្គារថា «កងទ័ពអ៊ីស្រាអែល កំពុងឡោមព័ទ្ធតំបន់ Beit Hanun ពីគ្រប់ទិសទី ទាំងពីលើ និងក្រោមដី» បន្ទាប់ពីទាហានអ៊ីស្រាអែល៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធ នៅតំបន់ Gaza Strip ភាគខាងជើង ហើយត្រូវបានចាត់ទុកថា ជាការស្លាប់ទាហានអ៊ីស្រាអែលប្រចាំថ្ងៃ ច្រើនបំផុត នៅក្នុងទឹកដីប៉ាឡេស្ទីន ចាប់តាំងពីដើមឆ្នាំ២០២៥មក។
អ្នកនាំពាក្យ រូបនេះ បានបន្ថែមទៀតថា «យើងនឹងបន្តវាយប្រហារ និងសម្អាតតំបន់នេះ ដើម្បីលុបបំបាត់ការគំរាមកំហែង»។
យោធាអ៊ីស្រាអែល បានអះអាងបែបនេះ បើទោះបីជាលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កំពុងធ្វើទស្សនកិច្ច នៅអាមេរិក ជំរុញឱ្យមានបទឈប់បាញ់ នៅក្នុងសង្រ្គាម អូសបន្លាយជាង២១ខែ មកនេះ ក៏ដោយ។ យ៉ាងណាមិញ ក្រោយដឹងពីរឿងស្លាប់ទាហាន ទាំង៥នាក់ មេដឹកនាំ អ៊ីស្រាអែល រូបនេះ បានបង្ហាញ ពីការឈឺចាប់ ជាខ្លាំង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

