អាមេរិកបាត់ខ្លួន ១៦០នាក់ទៀត ក្នុងគ្រោះទឹកជំនន់
បរទេស ៖ មនុស្សជាង ១៦០នាក់ នៅតែត្រូវបានអះអាងថា បន្តបាត់ខ្លួន អំឡុងគ្រោះទឹកជំនន់ ដែលបានវាយប្រហារ រដ្ឋតិចសាស់ សហរដ្ឋអាមេរិក តាំងពីថ្ងៃសុក្រ សប្តាហ៍មុន។
អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បាននិយាយថា មនុស្សជាង ១០០នាក់បានស្លាប់ គិតត្រឹមថ្ងៃអង្គារ។ លោកបានប្រាប់អ្នកយកព័ត៌មានថា «គ្រាន់តែ នៅក្នុងតំបន់ Kerr តែឯង មានមនុស្ស១៦១នាក់ ត្រូវបានគេដឹងថា កំពុងបាត់ខ្លួន»។ លោក បានបន្ថែមថា តួលេខនេះគឺផ្អែកលើមនុស្ស ដែលបានរាយការណ៍ ពីការផ្តាច់ទំនាក់ទំនងជាមួយ មិត្តភ័ក្តិ សាច់ញាតិ និង អ្នកជិតខាង។
គួរបញ្ជាក់ថា ទឹកជំនន់ភ្លាមៗបានវាយប្រហារ ភាគកណ្តាលនៃរដ្ឋតិចសាស់ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដោយពេលនោះ មានការបោះជំរុំរដូវក្តៅ នៅមាត់ទន្លេ ហើយមនុស្សប្រហែល៧៥០នាក់បានស្នាក់ នៅទីនោះ ក្នុងពេលមានគ្រោះមហន្តរាយ បានកើតឡើង។
លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកគ្រោងនឹងធ្វើទស្សនកិច្ច នៅរដ្ឋតិចសាស់ នាថ្ងៃសុក្រ ខាងមុខនេះ ខណៈដែលសេតវិមានបានថ្កោលទោស អ្នករិះគន់ ដែលបានអះអាងថា ការកាត់បន្ថយចំណាយរបស់លោក ត្រាំ ចំពោះទីភ្នាក់ងារអាកាសធាតុ បានធ្វើឱ្យប្រព័ន្ធនេះ ព្រមានពីការចុះខ្សោយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
