ព្រះមហាក្សត្រ៖ ពិធីរុក្ខទិវា ជាវប្បធម៌ដ៏ប្រសើរ និងជាចលនាជាតិមួយដ៏សំខាន់ ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ

ភ្នំពេញ៖ ក្នុងព្រះរាជពិធី “រុក្ខទិវា” នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើម ឈ្លាសវៃ និងដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហ សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបច្ចុប្បន្នបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានបន្តរៀបចំពិធី “រុក្ខទិវាៗជារៀងរាល់ឆ្នាំ។

ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ពិធីរុក្ខទិវា ជាវប្បធម៌ដ៏ប្រសើរ និងជាចលនាជាតិមួយដ៏សំខាន់ ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោលនយោបាយជាតិ ក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិ ប្រកបដោយចីរភាព ជាពិសេសរក្សាការពារព្រៃឈើដែលជាជម្រកដ៏សំខាន់បំផុត របស់សត្វគ្រប់ប្រភេទ រក្សាទឹក និងជីវៈចម្រុះ ទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់ និងជាការសន្សំបុណ្យ កុសលដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូបផងដែរ ហើយត្រូវបានព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់ នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សនទានរួម ដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ការបង្កើនធនធានធម្មជាតិដែលមានតម្លៃសម្បូរគ្រប់យ៉ាង ធានាបានជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជារាស្ត្រ ដែលអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ ទន្ទឹមនេះដែរ ការយកចិត្តទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងសត្វព្រៃ ដើមី្ប ធានានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលរម្លឹកថា ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្ដួចផ្ដើមរៀបចំពិធីរុក្ខទិវា “ជាចលនា ជាតិដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅតាមខេត្តនានាក្នុងសម័យសង្គមរាស្ត្រនិយមមក ដើម្បីបំផុស និងលើកទឹកចិត្តឱ្យកូនចៅជាទីស្រលាញ់របស់ព្រះអង្គឱ្យចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើមឈើនៅទូទាំងប្រទេស។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើម ឈ្លាសវៃ និងដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបច្ចុប្បន្នបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានបន្តរៀបចំពិធី “រុក្ខទិវាៗជារៀងរាល់ឆ្នាំ។

ព្រះអង្គក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាមិត្ត និងអង្គការជាតិ- អន្តរជាតិនានា ដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សា ការពារធនធាន ព្រៃឈើ សត្វព្រៃ និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹង ប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល ។ សូមថ្លែងអំណរព្រះគុណ និងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋ ភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តកំពង់ចាម និងរដ្ឋបាលព្រៃឈើ ដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អប្រសើរជាមួយ ក្រសួងព្រះបរមរាជវាំង និងគណៈកម្ម ធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំពិធី” រុក្ខទិវា” ក្នុង ខេត្តកំពង់ចាមនេះ ប្រកបដោយជោគជ័យ។

ជាមួយគ្នានេះ ព្រះមហាក្សត្រក៏សូមឧទ្ទិសឱ្យពិធីរុក្ខទិវាៗនេះ ស្ថិតក្នុងបេះដូងរបស់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណី និងចលនាជាតិនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ ការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ សត្វព្រៃ ដែលជាមរតកជាតិរបស់យើងឱ្យបានគង់វង្សរហូតតទៅ។ ការ ដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទនេះ គឺជាការវិនិយោគបៃតងលើធម្មជាតិដែលផ្ដល់ពហុប្រយោជន៍ សម្រាប់មនុស្សជាតិយើងទាំងអស់គ្នា សត្វ ភពផែនដី និងធ្វើឱ្យមូលដ្ឋានភូមិ-ឃុំ របស់យើងមាន ទេសភាពពណ៍បៃតង និងរស់រវើកគ្រប់រដូវកាល៕
ដោយ៖ពលជ័យ

ads banner