ព្រះមហាក្សត្រកម្ពុជា ៖ ការយកចិត្តទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងសត្វព្រៃ គឺដើម្បីធានានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ក្នុងព្រះរាជសុន្ទរកថា ក្នុងពិធី “រុក្ខទិវា” នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរ ចំពោះការរីកចម្រើនលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមាន សមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត រួមគ្នាសម្រេចបាននាពេលកន្លងមក និងដែលបានជួយលើក កម្ពស់ជីវភាពរស់នៅរបស់បងប្អូនយើងឱ្យកាន់តែមានភាពប្រសើរឡើង ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

ព្រះករុណា ព្រះមហាក្សត្រ សូមអរគុណឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែង សម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម សំដៅធានាសន្តិសុខស្បៀង លើកកម្ពស់ ជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសហគមន៍ ដើម្បីចូលរួមចំណែកសម្រេចគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ព្រះកុរណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះរាជបន្ទូលថា ការយកចិត្តទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងសត្វព្រៃ ដើម្បី ធានានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ព្រះអង្គមានបន្ទូលរំលឹកថា ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធីរុក្ខទិវា”ជាចលនា ជាតិដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅតាមខេត្តនានាក្នុងសម័យសង្គមរាស្ត្រនិយមមក ដើម្បីបំផុស និងលើកទឹកចិត្តឱ្យកូនចៅជាទីស្រលាញ់របស់ព្រះអង្គឱ្យចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើម ឈើនៅទូទាំងប្រទេស ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner