កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា១លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានទទួលជួបសវនាការ និងប្រគល់ថវិកា ១លានដុល្លារអាម៉េរិក ជាលើកទី២ ថវិកាទទួលបានពីសប្បុរសជន ក្នុងទិវា៨ឧសភា ២០១៩ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានគណៈប្រតិភូ ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយស ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងពេលនោះដែរ។

ក្នុងឱកាសជួបសវនាការនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ និងកោតសរសើរ ជាពិសេសចំពោះ ស្ថាបនិកនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជា ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែង កៀរគររកមូលនិធិ ហើយជួយព្យាបាលជំងឺជូនស្ត្រី មានផ្ទៃពោះឆ្លងទន្លេ និងកុមារកម្ពុជារាប់ពាន់ រាប់ម៉ឺននាក់ ដែលជាផ្នែកក្នុងការកាត់បន្ថយអត្រាមរណៈ មាតា ទារក និងកុមារ និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏បានរំលឹកពីប្រវត្តិស្នាដៃ របស់លោកវេជ្ជបណ្ឌិត បេអាត រិចនឺ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីស្រោចស្រង់អាយុជីវិតរបស់កុមារកម្ពុជា បានរាប់លាននាក់ ក្នុងពេលកន្លងមក។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងបានជម្រាបជូនពីដំណើរការ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជារបាយការណ៍ ឆ្នាំ២០១៨-២០១៩ ជាមួយនឹងការខិតខំប្រឹងប្រែង ស្វែងរកមូលនិធិពីវិស័យនានា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីយកថវិកា ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ចាត់ចែងចំណាយ ប្រចាំថ្ងៃរបស់មន្ទីរពេទ្យ។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរ ជួយសម្រាលទុក្ខលំបាក និងទ្រទ្រង់ដល់សុខុមាលភាពរបស់ស្ត្រី និងកុមារកម្ពុជានៅទូទាំងប្រទេស។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយដែលត្រូវជាឆ្នាំទី៨ (៨លើក) សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា គិតពីឆ្នាំ ២០១២ បន្តបន្ទាប់មក៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner