ប្រធានាធិបតីអ៊ីរ៉ង់រងការរិះគន់ ក្រោយបង្ហាញជំហរទន់ជ្រាយជាមួយអាមេរិក
តេហេរ៉ង់ ៖ លោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian នៅថ្ងៃទី៨ ខែកក្កដា បានរងការដិះដាលយ៉ាងចាស់ដៃ បន្ទាប់ពីរូបលោកបានគាំទ្រឲ្យមានកិច្ចចរចាថ្មីជាមួយអាមេរិក ដោយអ្នករិះគន់បានចោទលោកថា មានជំហរទន់ជ្រាយខ្លាំង ទោះបីអ៊ីរ៉ង់ទើបរងការវាយប្រហារកាលពីខែមុនក៏ដោយ។
អត្ថបទវិចារណកថាមួយ នៅលើទំព័រសារព័ត៌មាន Kayhan ដែលមាននិន្នាការប្រឆាំងលោកខាងលិចបានរៀបរាប់ថា តើអ្នកភ្លេចហើយមែនទេថាជនជាតិអាមេរិកដូចគ្នាទាំងអស់នេះ រួមជាមួយនឹងពួកគាំទ្រអ៊ីស្រាអែល បានប្រើប្រាស់ការចរចា ដើម្បីពន្យារពេលវេលា ហើយរៀបចំការវាយប្រហារ។
រីឯសារព័ត៌មានអភិរក្សនិយម Javan ក៏បានចេញផ្សាយដោយផ្តោតលើលោកប្រធានាធិបតី Pezeshkian ផងដែរថា សុន្ទរកថារបស់លោក ហាក់ដូចជាបង្ហាញពីជំហរទន់ជ្រាយខ្លាំងពេកជាមួយអាមេរិក។
ការរិះគន់ធ្ងន់ៗនេះកើតឡើងក្រោយលោកប្រធានាធិបតី Pezeshkian ក្នុងកំលុងបទសម្ភាសន៍ជាមួយពិធីករអាមេរិក Tucker Carlson បាននិយាយថា អ៊ីរ៉ង់គ្មានបញ្ហាអ្វីឡើយ ក្នុងការចាប់ផ្ដើមកិច្ចពិភាក្សាឡើងវិញ ដរាបណាការជឿទុកចិត្តអាចត្រូវបានស្ដារឡើងវិញរវាងភាគីទាំងពីរ។
ការអត្ថាធិប្បាយបែបនេះរបស់លោកប្រធានាធិបតី Pezeshkian ធ្វើឡើងតិចជាងមួយខែ បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកមិនធ្លាប់មានពីមុនមក កាលពីថ្ងៃទី១៣ ខែមិថុនា ជាការវាយប្រហារដែលបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាច្រើនរូបនៅក្នុងប្រទេសអ៊ីរ៉ង់។
សហរដ្ឋអាមេរិកដែលបានបើកកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ តាំងពីថ្ងៃទី១២ ខែមេសា ក៏បានចូលរួមជាមួយអ៊ីស្រាអែល ដោយធ្វើការវាយប្រហារផ្ទាល់ខ្លួន កាលពីថ្ងៃទី២២ ខែមិថុនា ដោយផ្តោតលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣កន្លែង មានដូចជា Fordo, Isfahan និង Natanz៕
ប្រភព ៖ The strait times ប្រែសម្រួល ៖ ឈឹម ទីណា