ក្រុមអ្នកជំនាញធ្វើការ ជួសជុលប្រាសាទឥដ្ឋ នៅ ជ្រុងអាគ្នេយ៍របស់ ប្រាសាទ ភ្នំក្រោម ដោយ គ្រោងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានកំពុង ជួសជុលសង្គ្រោះប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម ដែលតួប្រាសាទទាំងមូលរងការខូចខាតធ្ងន់ធ្ងរ។ ការងារជួសជុលនេះបានចាប់ផ្តើមពីខែឧសភា ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៥ ខាងមុខ។នេះបើតាមការឱ្យដឹងពីសំណាក់ អាជ្ញាធរជាតិអប្សរា។

ប្រាសាទភ្នំក្រោម ជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រ មានទីតាំងស្ថិតនៅលើកំពូលភ្នំមានរយៈកម្ពស់១៤០ម៉ែត្រ នៅទិសនិរតីមានចម្ងាយ១២គីឡូម៉ែត្រ ពីទីក្រុងសៀមរាប ដោយធ្វើដំណើរតាមផ្លូវស្របនឹងដងស្ទឹងសៀមរាបពីជើងទៅត្បូងហើយស្ថិតនៅខាងជើងបឹងទន្លេសាប ។

ទាក់ទិនក្នុងរឿងនេះ លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម មានស្ថានភាពខូចខាតធ្ងន់ធ្ងរ ដូចជាផ្នែកខឿនជើងជញ្ជាំង សសរផ្អោបសងខាង ជញ្ជាំង និងដំបូលជាដើម។ ការងារជួសជុល បានចាប់ផ្តើមពីជើងជញ្ជាំងខាងក្រោម ដោយដាប់យកស្រទាប់ឥដ្ឋដែលពុកផុយចេញ ហើយជំនួសដោយឥដ្ឋថ្មី និងប្រើប្រាស់ឥដ្ឋចាស់ដែលរលុះធ្លាក់ខ្លះ ដែលនៅមានគុណភាពដើម្បីពង្រឹងផ្នែកដែលខូចខាតឱ្យរឹងមាំឡើងវិញ។ បិទកំបោរបាយអរនៅតាមមុខតំណនៃឥដ្ឋដែលបាត់បង់សារធាតុបាយអដើម្បីការពារជម្រាបទឹក ការពារសត្វល្អិត ស្មៅ និងរុក្ខជាតិផ្សេងៗ ដែលបង្កជាកំណកដីនាំឱ្យឥដ្ឋពុកបន្តទៀត។

ចំណែកជញ្ជាំងផ្នែកខាងត្បូងដែលមានហានិភ័យខ្ពស់ បណ្តាលមកពីពុកផុយជើងក្រោម និងរលុះឥដ្ឋ ធ្វើឱ្យជញ្ជាំងមានសភាពស្តើង និងខ្សោយខ្លាំង ត្រូវជួសជុលចាប់ពីជើងជញ្ជាំងរហូតទៅដល់ក្បាំងជញ្ជាំងផ្នែកខាងលើ ដែលមានស្នាមព្រិលជារាងបង្អួចនិងមានរន្ធខ្យល់នៅលើជញ្ជាំង រក្សាតាមលំនាំដើម តាមអនុសាសន៍ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។

លោក រស់ វិសុទ្ធ បញ្ជាក់ទៀតថាប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម មានគ្រោះថ្នាក់ខ្លាំងនៅផ្នែកជើងជញ្ជាំងខាងក្រោម បណ្តាលមកពីទឹកភ្លៀងជ្រាបចូលទៅក្នុងស្រទាប់ឥដ្ឋ បន្តិចម្តងៗ ធ្វើឱ្យជញ្ជាំងឥដ្ឋចុះខ្សោយ រួមជាមួយការបៀមសំណើមនៅផ្នែកខាងលើ ដោយកត្តាស្មៅ និងរុក្ខជាតិដុះចាក់ឬសផងបានធ្វើឱ្យឥដ្ឋកាន់តែពុកផុយ និងរលុះធ្លាក់។ កាលពីឆ្នាំ២០២៤ កន្លងមក អាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោម រួចរាល់ដោយជោគជ័យនិងបានរឹងមាំឡើងវិញ ឱ្យរួចផុតពីហានិភ័យនានាមកហើយ។

បើតាមឯកសារស្រាវជ្រាវផ្នែកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា ប្រាសាទភ្នំក្រោម ត្រូវបានកសាងឡើងបែរមុខទៅទិសខាងកើតនាចុងសតវត្សទី៩ និងដើមសតវត្សទី១០ រចនាបថបាខែង ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១(ឆ្នាំ៨៨៩-៩១០) ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះឥសូរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner