ឯកឧត្តម ហ៊ុន ម៉ានី៖ យើងត្រូវតែរួបរួមសាមគ្គីគ្នាដើម្បីការពារកិត្តិយសជាតិ ការពារជាតិ ការពារបូរណភាពទឹកដីរបស់យើង

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គម នាល្ងាចថ្ងៃទី៩ ខែកក្កដាថា ប្រជាពលរដ្ឋខ្មែរពិតជាបានឃើញទង្វើ និងសកម្មភាពនានា ដែលទាហានឈុតខ្មៅរបស់ថៃ បានប៉ុនប៉ងបង្កហេតុដោយយករូបបដិមាព្រះមកតម្កល់នៅតំបន់បន្ទាត់ព្រំដែន ដែលកំពុងតែមានជំលោះ។ សកម្មភាពនេះ និងទង្វើដ៏គឃ្លើនផ្សេងៗទៀតនាពេលថ្មីៗនេះ បានរំលឹកបន្ថែមដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាផ្នែកមួយនៃខឿនការពារជាតិប្រជាជនថា គ្រប់កាលៈទេសៈទាំងអស់ ហានិភ័យតែងមានជាប្រចាំ។ ប្រទេសជិតខាងនេះ តែងប្រឹងបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួន ប៉ុន្តែសកម្មភាពជាក់ស្តែង ប្រាសចាកទាំងស្រុងពីការអះអាងរបស់ពួកគេ។ កាយវិការ និងទង្វើទាំងនេះ មិនបានបង្ហាញពីចេតនាណាមួយក្នុងការបន្ធូរបន្ថយស្ថានការណ៍នោះទេ ផ្ទុយទៅវិញបែរជាទង្វើបង្កើននូវកម្តៅ ដែលពួកគេចង់ឆ្លៀតឱកាស។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា ទង្វើ និងសកម្មភាពរបស់គេ ជាការរំលឹកនូវជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី ដូចដែលសម្តេចតេជោ និងសម្តេចធិបតី តែងតែបានលើកឡើងជាប្រចាំ និងជាបន្តបន្ទាប់។ ក្នុងនោះ ការបោះបង្គោលព្រំដែនជាមួយភាគីថៃត្រូវប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ឈរលើមូលដ្ឋាននៃអនុស្សរណៈឆ្នាំ២០០០ និងដោយឡែក លើកលែងតែតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលត្រូវការចូលរួមដោះស្រាយដោយសន្តិវិធីតាមរយៈភាគីទី៣ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិឡាអេ (ICJ)។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ហេតុនេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងក្នុងនាមជាខឿនការពារជាតិប្រជាជន ពេលនេះ ម៉ោងនេះ យើងត្រូវចងចាំថាហានិភ័យ ការគំរាមកំហែង ការប្រមាថ ការប៉ុនប៉ងធ្វើសកម្មភាពឈ្លានពានការរំលោភបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជាពីសំណាក់ប្រទេសជិតខាង តែងតែកើតមានជាប្រចាំ។ ពិសេស ស្ថានភាពថ្មីៗចុងក្រោយនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ទៀតថា យើងត្រូវតែរួបរួមសាមគ្គីគ្នាដើម្បីការពារកិត្តិយសជាតិ ការពារជាតិ ការពារបូរណភាពទឹកដីរបស់យើង ហើយគាំទ្ររាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីធានានិរន្តរភាពបានយូរអង្វែង ក្នុងការដោះស្រាយបញ្ហាបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

សូមជម្រាបថា កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងទាហានកម្ពុជា និងកម្លាំងឈុតខ្មៅថៃ តឹងសរសៃកដាក់គ្នា នៅច្រកទ្វារអន្តរជាតិអានសេះ ក្នុងខេត្តព្រះវិហារ ក្រោយទាហានឈុតខ្មៅថៃ ចង់យករូបបដិមាព្រះ២អង្គមកដាក់នៅព្រំដែន ហើយកម្លាំងទាហានកម្ពុជាហាមឃាត់។ ជាការកត់សម្គាល់នៅតាមព្រំដែន និងតាមសមរភូមិជួរមុខ កម្លាំងទាហានថៃ តែងតែបង្កហេតុ និងបង្កើនភាពតានតឹងយ៉ាងខ្លាំង ក្នុងគោលបំណងចង់ឱ្យកងទ័ពកម្ពុជាអត់ធ្មត់មិនបាន ហើយឈានដល់ការផ្ទុះអាវុធ៕
ដោយ៖ពលជ័យ

ads banner