ក្រសួងធនធានទឹក និង ឧតុនិយម សហការជាមួយក្រសួងពាក់ព័ន្ធនិងអាជ្ញាធរខេត្តកំពង់ឆ្នាំង សម្រេចឱ្យក្រុមហ៊ុនទឹកស្អាត កាយយកអាចម៍ដីចេញពីទន្លេជាថ្មីបន្តទៀត
(ខេត្តកំពង់ឆ្នាំង)៖ ជុំវិញបាតុភាពក្រុមហ៊ុនទឹកស្អាតអានកូ ចាក់ដីចូលទន្លេ នៅចំណុចភូមិទី១ សង្កាត់ខ្សាម ជាប់ព្រុំប្រទល់ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលសន្យាព្រមកាយចេញ ហើយដំណើរកាយមិនអស់ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ឆ្នាំង មានកិច្ចប្រជុំជាមួយតំណាង ក្រុមហ៊ុនទឹកស្អាត អានកូ ដោយមានការសម្របសម្រួលពី ឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ពេជ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរូម ពី មេធាវីក្រសួង ប្រតិភូក្រសួងជាច្រើនរូបទៀត ។
យោងកំណត់ហេតុនៃកិច្ចប្រជុំកម្រិតបច្ចេកទេស ករណីចាក់ដីចូលក្នុងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រ ខាងលើ ជាលទ្ធផល រកឃើញថា ១. កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ អង្គប្រជុំតម្រូវឲ្យក្រុមហ៊ុនអានកូ កាយទំនប់យកអាចម៍ដីចេញពីទន្លេវិញ ស្របតាមច្បាប់និងបទដ្ឋានបច្ចេកទេស របស់អ្នកជំនាញក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកទេស និងនវានុវត្ត ដែលមានសមត្ថកិច្ច តំណាងក្រុមហ៊ុនស្នើសុំពន្យាពេលរយៈពេល ១៥ថ្ងៃ ដោយក្រុមហ៊ុននិងចាប់ផ្ដើមកាយដីចេញជាបណ្ដើរៗរយៈពេល ៧ ថ្ងៃគិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ តទៅ នឹងរៀបចំប្លង់បច្ចេកទេស តាមការណែនាំរបស់ក្រសួង និងមន្ទីរពាក់ព័ន្ធ ។
តែពេលក្រុមហ៊ុនចុះទៅកាយដីចេញបាន បន្តិចក៏ដកគ្រឿងចក្រចេញទៅវិញ។ ២. ក្រុមហ៊ុនអានកូ ឯកភាពសហការជាមួយក្រសួងធនធានទឹក និង ឧតុនិយម និងក្រុមការងារចម្រុះ ប្រើប្រាស់គ្រឿងចក្ររបស់ក្រសួង ចុះអនុវត្តកាយអាចម៍ដីចេញ ចាប់ពី រសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៥ និង សូមកិច្ចសហការពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
៣. ក្រុមហ៊ុនអានកូ ត្រូវធានាផ្គត់ផ្គង់ទឹកដល់ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ក្នុងអំណុំពេលក្រុមហ៊ុនចុះអនុវត្តការងារកាយដីចេញ ។
សូមរំលឹកថា កន្លងទៅក្រុមហ៊ុនអានកូ បានចាក់ដីចូលទន្លេដែលមានទំហំយ៉ាងធំ ហើយក៏បានផ្ទុះបាតុភាព ទើបក្រសួងធនធានទឹក និងមន្ទីរពាក់ព័ន្ធ ជាមួយអាជ្ញាធរ តម្រូវឲ្យកាយដីចេញ រហូតមកដល់ពេលនេះ នៅមិនទាន់បានសម្រេចនៅឡើយ ហេតុនេះហើយទើបមានកិច្ចប្រជុំជាថ្មីដើម្បីឲ្យការងារកាយដីបន្តរហូតអស់ពីរទន្លេ ៕
សុខ គឹមសៀន










