សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការកែទម្រង់ច្បាប់នៅកម្ពុជា ត្រូវបានបង្កើតឡើងរួមគ្នានឹងការកែទម្រង់យុត្តិធម៌ តាមរយៈការអនុម័តជាផ្លូវការនូវកម្មវិធី ការកែទម្រង់ច្បាប់ និងតុលាការ ដោយកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៣ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងចក្ខុវិស័យបង្កើតនូវវិស័យច្បាប់ និងតុលាការមួយដែលអាចជឿទុកចិត្តបាន និងមានស្ថិរភាព សម្រាប់ទ្រទ្រង់គោលការណ៍សិទ្ធិ របស់បុគ្គល ការបែងចែកអំណាចដាច់ពីគ្នា និងនីតិរដ្ឋ នៅក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការលើកស្ទួយនូវការរីកចម្រើនសេដ្ឋកិច្ចនាំមុខដោយវិស័យឯកជន។
គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធី កែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដែលជាមគ្គុទេសក៍បង្ហាញផ្លូវក្នុងការដឹកនាំ សម្របសម្រួល ការផ្តល់ប្រឹក្សា ការតាក់តែង ការត្រួតពិនិត្យការអនុវត្ត និងការដោះស្រាយវិវាទនៃច្បាប់ ដោយត្រូវធានា ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការអនុវត្តច្បាប់ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយ កំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ គឺ ទី១ ដឹកនាំ និងសម្របសម្រួលចងក្រង និងផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ទី២ ដឹកនាំ និងសម្របសម្រួលរៀបចំ ក្របខ័ណ្ឌតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ទី៣ ដឹកនាំនិងសម្របសម្រួលពិនិត្យ និងវាយតម្លៃគុណភាព និងប្រសិទ្ធភាព នៃការតាក់តែងនិងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និង ទី៤ ដឹកនាំ និងសម្របសម្រួលរៀបចំក្របខ័ណ្ឌដោះស្រាយវិវាទគតិយុត្ត និង ការពារនីត្យានុកូលភាព។
ផ្អែកតាមយុទ្ធសាស្ត្រគន្លឹះទាំង៤ខាងលើ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានរៀបចំ នូវគោលដៅយុទ្ធសាស្ត្រ នៃការកែទម្រង់ច្បាប់ចំនួន៤ ដែលអាចសម្រេចតាមជំហាន នៃការកែទម្រង់ និងលំដាប់អាទិភាពនៃសេចក្តីត្រូវការជាក់ស្ដែងសម្រាប់រយៈពេល២០ឆ្នាំទៅមុខ ដែលចែកជា ៤ដំណាក់កាលរួមមាន៖ ទី១៖ ពិនិត្យានុភាវូបនីយកម្មនៃលិខិតបទដ្ឋានគតិយុត្ត (Accessibility of Laws) , ទី២៖ សុខដុមភាវូបនីយកម្មនៃបទដ្ឋានគតិយុត្ត (Harmonization of Laws), ទី៣៖ ឯកសណ្ឋានូបនីយកម្មប្រព័ន្ធច្បាប់ (Uniformization of Legal System), ទី៤៖ បូរណភាពនៃប្រព័ន្ធច្បាប់ និងចីរភាពវប្បធម៌នីតិរដ្ឋ (Integrity of the Legal System and Continuity in Respect for the Rule of Law) ។
បន្ថែមពីលើនេះ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងទីស្តីការគណៈរដ្ឋមន្ត្រី ក៏ត្រូវបំពេញមុខងារ និងតួនាទីស្នូលរបស់ខ្លួនចំនួន៤ រួមមាន៖ ទី១៖ ភាពជឿទុកចិត្តបាន នៃលិខិតបទដ្ឋានគតិយុត្ត ។ ទី២៖ បូរណភាពនៃនីតិធរមាន ឬនីតិវិជ្ជមាន ។ ទី៣៖ តុល្យភាពនៃមុខងារ និងសមត្ថកិច្ច ។ ទី៤៖ មណ្ឌលមជ្ឈភាព សំដៅដល់អព្យាក្រឹតភាព និងភាពជាកណ្តាលរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងទីស្តីការគណៈរដ្ឋមន្ត្រី ។
ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលនេះ ត្រូវបានរៀបចំ និងដាក់ឆ្លងកិច្ចប្រជុំក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងដាក់ពិភាក្សាយ៉ាងទូលំទូលាយក្នុងសិក្ខាសាលាថ្នាក់ជាតិ ដោយមានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័ន វិជ្ជាជីវករច្បាប់ សាស្ត្រាចារ្យនីតិសាស្ត្រ អ្នកជំនាញការជាតិ និងអន្តរជាតិ ប្រមាណ២៥០រូប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយក្នុងការប្រកាសដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ។
សម្តេចធិបតី បានថ្លែងថា កម្ពុជា ធ្លាប់មានប្រព័ន្ធច្បាប់ សម្រាប់ដឹកនាំនិងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួន តាំងពីយូរលង់ណាស់មកហើយ។ ផ្អែកតាមប្រវត្តិសាស្ត្រ សិលាចារឹកវិជ្ជា បានបង្ហាញថា កម្ពុជា មានច្បាប់សម្រាប់គ្រប់គ្រងនិងដឹកនាំប្រទេស តាំងពីសម័យហ្វូណន រហូតដល់សម័យកាលនៃទំនើបនីយកម្មច្បាប់ខ្មែរតាមបែបបារាំង នៅពាក់កណ្តាលសតវត្សរ៍ទី១៩ ។ កាលនោះ ច្បាប់កំពូលរបស់យើងមាននាមថា ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ ដែលមានឧត្តមានុភាពគ្របដណ្ដប់លើអំណាចទាំងអស់ រួមទាំងអំណាចរបស់ព្រះមហាក្សត្រ។ ផ្អែកតាមសិលាចារឹកនាសម័យអង្គរ ព្រះមហាក្សត្របានលើកតម្កើង ព្រះធម្មសាស្ត្រ ជាច្បាប់កំពូល និងគោរពប្រតិបត្តិ តាមរាជបវេណី ដោយតម្កល់លើព្រះសិរសារបស់ព្រះអង្គ ដើម្បីថែរក្សាព្រះរាជគុណធម៌ ជាព្រះធម្មរាជា ឬព្រះរាជាទ្រង់ធម៌ ។
សម្តេចធិបតី បានបន្តថា ទំនៀមនេះ បានគូសបញ្ជាក់អំពីទស្សនៈវិជ្ជានយោបាយដឹកនាំប្រទេសផង និងទស្សនវិជ្ជាដឹកនាំខ្លួន តាមបែបជំនឿឬសាសនារបស់ប្រជារាស្ត្រទូទាំងប្រទេសផង ដោយព្រះវីរគំរូរបស់ព្រះមហាក្សត្រ ក្នុងការបដិបត្តិ ព្រះរាជធម៌ ឬទសពិធរាជធម៌ (ព្រះធម្មទាំង១០ ប្រការរបស់ព្រះរាជា) ដើម្បីជាមហាកុសល ផ្តល់សេចក្តីសុខក្សេមក្សាន្ត សម្បូរសប្បាយ រីកចម្រើន រុងរឿង ដល់អាណាប្រជានុរាស្ត្រ របស់ព្រះអង្គ ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមថា ចាប់តាំងពីដំណើរការទំនើបនីយកម្ម ប្រព័ន្ធច្បាប់ខ្មែរ តាមបែបបារាំងនាឆ្នាំ១៨៨៤ រហូតមក ប្រព័ន្ធច្បាប់ខ្មែរបានប្រែក្លាយជាប្រព័ន្ធច្បាប់ តាមលំនាំប្រព័ន្ធច្បាប់បែបបារាំង រហូតមកដល់ពេលប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញបែបបារាំង ជាលើកដំបូង ដែលបានបន្តនៅឆ្នាំ១៩៤៧ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ











