អ៊ីស្រាអែលនិងអាមេរិកជួបគ្នា អួតពីការវាយអ៊ីរ៉ង់

បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអែល លោក Netanyahu និង រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Hegseth កាលពីថ្ងៃពុធ បានជួបគ្នានិយាយអួតពីការវាយប្រហារ របស់ប្រទេសទាំងពីរ ទៅលើប្រទេសអ៊ីរ៉ង់។

អំឡុងជំនួប នៅក្នុងទីក្រុង Washington, DC នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសរសើរពីយោធាអាមេរិក និង ទីបញ្ជាការកណ្តាល CENTCOM។ លោក Netanyahu បាននិយាយថា «អ្នកមានអំណរគុណ របស់ប្រជាជនអ៊ីស្រាអែល និង រដ្ឋ អ៊ីស្រាអែល» ដោយហៅការបង្ហាញអំណាចយោធាអាមេរិក នាពេលថ្មីៗនេះ «ជាការគ្រហឹម របស់សត្វតោ ពីរក្បាល… ដែលបានឮ នៅជុំវិញពិភពលោក»។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Hegseth វិញ បាននិយាយដែរថា ប្រតិបត្តិការនេះ បានផ្ញើសារ មិនត្រឹមតែទៅកាន់ប្រទេសអ៊ីរ៉ង់ ប៉ុណ្ណោះទេ ប៉ុន្តែ ទៅកាន់ “ពិភពលោក” ខណៈដែលលោកបាន អរគុណអ៊ីស្រាអែល សម្រាប់ការធ្វើជា “សម្ព័ន្ធមិត្តគំរូ”។

គួរបញ្ជាក់ថា សង្គ្រាមអ៊ីរ៉ង់១២ថ្ងៃ កាលពីខែមុន បានបញ្ចប់វិញ ក្រោយពីមានបទឈប់បាញ់ ជាមួយនឹងការសម្របសម្រួល ពីសំណាក់លោក Donald Trump។

គួររម្លឹកដែរថា អ៊ីស្រាអែលបានផ្តើម វាយអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា អ៊ីរ៉ង់ក៏សងសឹកវិញ ហើយ នៅថ្ងៃទី២២ ខែមិថុនា អាមេរិកបានលូកដៃចូល តាមរយៈការទម្លាក់គ្រាប់បែក កម្ទេចរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់ក៏បានសងសឹក បាញ់មីស៊ីលដាក់មូលដ្ឋានទ័ពអាមេរិក នៅប្រទេសកាតា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner