នគរបាលខណ្ឌសែនសុខល្បាតក្នុងភូមិសាស្ត្រ ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ គ្រឿងញៀនពីរនាក់
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នេះថា មានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យទី១)ឈ្មោះ ញ៉ែម បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិចំការឱឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និង២)ឈ្មោះ មួន វឌ្ឍនៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងដីឡូតិ៍គ្មានលេខ ភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួន ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតបានហៅត្រួតពិនិត្យលើដងខ្លួន រួចនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញថាមានប្រើប្រាស់គ្រឿងញៀន និងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីតែម្តង៕ធ.ដ