ប្រាសាទបន្ទាយឆ្មារមានតម្លៃជាប្រវត្តិសាស្រ្តកសាងនៅចុងសតវត្សទី១២និងដើមសតវត្សទី១៣ បច្ចុប្បន្ន ក្រសួងវប្បធម៌ស្នើសុំដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកកំពុងទាក់ទាញភ្ញៀវទេសចមកទស្សនាកម្សាន្ត

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តបន្ទាយមានជ័យ៖
 ប្រាសាទបន្ទាយឆ្មារមានតម្លៃជាប្រវត្តិសាស្រ្តបង្កប់នូវភាពអាថ៌កំបាំងស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានកសាងឡើងនៅចុងសតវត្សទី១២ដើមសតវត្សទី១៣ ដោយព្រះមហាក្សត្រ ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្នើសុំដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកគ្រាដែលប្រាសាទបន្ទាយឆ្មារនៅពេលបច្ចុប្បន្នត្រូវគេមើលឃើញថាកំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាលេងកម្សាន្តកាន់តែច្រើនឡើង។
 ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យលោក យង់ តាំងគួយ ប្រាប់ឱ្យដឹងថា ប្រាសាទបន្ទាយឆ្មារព្រះបាទជ័យវ័រ្មទី៧ កសាងឡើងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធ ព្រះរាជបុត្រារបស់ព្រះអង្គព្រះនាមសិន្រ្ទៈកុមារ និងឧទ្ទិសវិញ្ញាណក្ខន្ធមេទ័ពទាំង៤ដែលបានពលីជីវិតក្នុងសមរភូមិសង្រ្គាម នៅគ្រាប្រយុទ្ធជាមួយមេទ័ពចំប៉ា។ប្រាសាទបន្ទាយឆ្មារបច្ចុប្បន្នមានអ្នកភូមិក្នុងតំបន់នោះក៏ដូចជាថ្នាក់ដឹកនាំមួយចំនួនមានអប៉ិយជំនឿថាមានបារមីស័ក្តិសិទ្ធិនាំគ្នាទៅបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើនបានដូចបំណងប្រាថ្នានោះផងដែរ។
 លោកប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យប្រាប់ទៀតថាប្រាសាទបន្ទាយឆ្មារ បច្ចុប្បន្នកំពុងរងការខូចខាតជាខ្លាំងដោយកត្តាមនុស្សនិងធម្មជាតិដូចជានៅក្នុងតំណាក់កាលប្រទេសកម្ពុជាធ្លាក់ក្នុងសង្រ្គាមស៊ីវិលត្រូវបានក្រុមទុច្ចរិតមួយចំនួន បំផ្លិចបំផ្លាញជីកគាស់កកាយយកវត្ថុបុរាណក្នុងប្រាសាទទៅជួញដូរ ក្រៅប្រទេសដោយខុសច្បាប់បណ្តាលឱ្យថ្មបាក់ដួលរលំរាយប៉ាយនិងមួយទៀតប្រាសាទរងការខូចខាតដោយគ្រោះធម្មជាតិ ខ្យល់ព្យុះបក់បោកដួលដើមឈើរលំពីលើប្រាសាទជាដើម។
 លោកប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងទៀតថា បច្ចុប្បន្ននេះប្រាសាទបន្ទាយឆ្មារត្រូវបានកសាងជួសជុលឡើងវិញជាបណ្តើរៗនៅតាមផ្នែកមួយចំនួនក្នុងប្រសាទដោយប្រើប្រាស់ថវិកាមូលនិធិបេតិភណ្ឌពិភពលោកតាមរយៈអង្គការUNESCO ប្រចាំកម្ពុជា ថវិការរាជរដ្ឋាភិបាលកម្ពុជា និងថវិកាផ្ទាល់របស់លោកជំទាវម៉ៅម៉ាល័យកែ គឹមយ៉ាន។ប្រាសាទបន្ទាយឆ្មារក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំឯកសារស្នើសុំដាក់បញ្ចូលជាបេតិភណ្ឌពិភពលោកនោះហើយដោយសារតែប្រាសាទបន្ទាយឆ្មារមានលក្ខណៈពិសេសខុសប្លែកប្រាសាទដ៏ទៃ ដែលអាថ៌កំបាំងសម្រាប់អ្នកបុរាណវិទ្យាសិក្សាស្រាវជ្រាវហើយខាងអង្គការUNESCOចាប់អារម្មណ៍គឺមានផ្នូរសពបុរាណ នៅស្ទើរតែជុំវិញប្រាសាទ មានរូបថ្មចារឹកដៃ៣២ មានអមដោយប្រាសាទរណជុំវិញ និងមិនតែប៉ុណ្ណោះប្រាសាទបន្ទាយឆ្មារមានផ្ទៃដីធំទូលាយជាង២៧ហិកតា ។បច្ចុប្បន្នប្រាសាទបន្ទាយឆ្មារត្រូវបានការពារអភិរក្សយ៉ាងម៉ត់ចត់ដោយសមត្ថកិច្ចនិងហការជាមួយនិងអាជ្ញាធរមូលដ្ឋាន។
 ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យលោក យង់ តាំងកួយ ប្រាប់ឱ្យដឹងទៀតថាដោយបច្ចុប្បន្នមានផ្លូវស្អាត សន្តិសុខគ្រប់គ្រាន់ ប្រាសាទបន្ទាយឆ្មារកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាលេងកម្សាន្តក្នុង១ឆ្នាំយ៉ាងហោចណាស់ពី៧០០នាក់ទៅ៨០០នាក់។ប្រាសាទបន្ទាយឆ្មារមានចម្ងាយពីទីរួមខេត្តបន្ទាយមានជ័យប្រវែង៦៥គីឡូម៉ែត្រ ធ្វើដំណើរតាមផ្លូវជាតិលេខ៥៦A៕ សំ វិច្ឆិកា

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner