សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋទឹកថ្លា ឃាត់ខ្លួនកាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវ២០០២ ភូមិផ្សារតឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ អ៊ាវ ចក ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសិប្បកម្មផលិតទឹកក ផ្លូវ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា មុនពេលឃាត់ខ្លួន ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានទទួលព័ត៌មានថានៅចំណុចខាងលើមានជនសង្ស័យម្នាក់ ចូលដេកក្នុងសិប្បកម្មផលិតទឹកកក ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចយើងចុះដល់ចំណុចកើតហេតុខាងលើ នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញថាមានប្រើប្រាស់សារធាតុញៀន។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ធ.ដ