សហរដ្ឋអាម៉េរិកប្រកាសអាសន្នជាតិ ដើម្បីរារាំងការប្រើប្រាស់ទូរគមនាគមន៍បរទេស

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើការប្រកាសអាសន្នជាតិ ដើម្បីរារាំងក្រុមហ៊ុនសហរដ្ឋអាម៉េរិកពីការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍បរទេស ដែលគំរាមកំហែងដល់សន្តិសុខជាតិប្រទេស ដែលនេះ គឺជាវិធានការមួយចង់សំដៅលើក្រុមហ៊ុន Huawei របស់ចិន។

បទបញ្ជានេះ ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក្នុងគោលដៅហាមប្រាមការទិញ ឬប្រើប្រាស់សម្ភារមកពីក្រុមហ៊ុនដែលក្លាយជាហានិភ័យមិនអាចទទួលយកបាន ដល់សន្តិសុខជាតិអាម៉េរិក ឬសន្តិសុខ និងសុវត្ថិភាពពលរដ្ឋអាម៉េរិក។ ទន្ទឹមគ្នានោះ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សេនឌើ បាននិយាយថា រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងធ្វើអ្វីគ្រប់យ៉ាង ដែលអាចរក្សាសុវត្ថិភាព និងវិបុលភាពសហរដ្ឋអាម៉េរិក ព្រមទាំងការពារអាម៉េរិកពីសត្រូវ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃព្រហស្បត្តិ៍នេះ បានប្រកាសនឹងឆ្លើយតបទៅនឹងការហាមឃាត់លើក្រុមហ៊ុនទូរគមនាគមន៍យក្ស ហូវៃ របស់ចិន ហើយថែមទាំងជំរុញឱ្យទីក្រុង វ៉ាស៊ីនតោន បង្កើតការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ បរិយាកាសអាជីវកម្មដែលមានតម្លាភាព និងអាចព្យាករណ៍បានសម្រាប់ប្រទេសចិន និងបណ្តាប្រទេសដទៃទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner