Trump រម្លឹកពីការប៉ុនប៉ងធ្វើឃាតលើរូបលោក
បរទេស ៖ លោក ប្រធានាធិបតីអាមេរិក Donald Trump បានរម្លឹកពីការប៉ុនប៉ងធ្វើឃាត លើរូបលោក កាលពីឆ្នាំមុន ដោយលោកអះអាងថា «មិនអាចបំភ្លេចបាន»។
អំឡុងកិច្ចសម្ភាសន៍ជាមួយ Fox News ត្រៀមចាក់ផ្សាយ នៅថ្ងៃសៅរ៍ ខាងមុខនេះ លោក Donald Trump បាននិយាយ ពីការប៉ុនប៉ងធ្វើឃាតលោក កាលពីមួយឆ្នាំមុន នៅទីក្រុង Butler រដ្ឋ Pennsylvania ក្នុងអំឡុងព្រឹត្តិការណ៍យុទ្ធនាការមួយ។
លោក Donald Trump បាននិយាយថា «មនុស្សម្នា ស្រែកគំហក ហើយខ្ញុំក៏ចុះមក យ៉ាងលឿន សំណាងល្អដែរ ព្រោះខ្ញុំគិតថា គេបាញ់បាន៨គ្រាប់»។
គួររម្លឹកថា លោក Donald Trump ត្រូវបានប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ រងរបួសស្រាល បន្ទាប់ពីគ្រាប់កាំភ្លើង បានហោះឆាប ចំស្លឹកត្រចៀករបស់លោក។ ការបាញ់ប្រហារនេះ បានធ្វើឡើង ក្នុងពេលដែល លោក Donald Trump កំពុងនៅលើឆាក ធ្វើយុទ្ធនាការបោះឆ្នោត។
ក្នុងហេតុការណ៍បាញ់ប្រហារនោះ មានអ្នកគាំទ្រម្នាក់បានស្លាប់ និង មួយចំនួនទៀត រងរបួស ។ ចំណែក ខ្មាន់កាំភ្លើង ត្រូវបានបាញ់សម្លាប់ ភ្លាមៗ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត