៤៦ខេត្តរបស់ប្រទេសថៃប្រឈមទឹកជំនន់ និងការរអិលបាក់ដី

បាងកក ៖ ប្រជាជនត្រូវបានជំរុញឱ្យបង្កើនការប្រុងប្រយ័ត្ន នៅពេលដែលខ្យល់មូសុងដ៏កំណាច ត្រូវបានរំពឹងថា នឹងពាំនាំភ្លៀងធ្លាក់ខ្លាំងដល់ទៅ ៧០% ទូទាំងប្រទេសថៃ ប៉ះពាល់ដល់៤៦ខេត្ត និងបង្កើនហានិភ័យទឹកជំនន់ភ្លាមៗ ពិសេសការរអិលបាក់ដី និងការរំខានដល់ការដឹកជញ្ជូន ចាប់ពីថ្ងៃទី១១ដល់ទី១២ ខែកក្កដា។

នាយកដ្ឋានឧតុនិយមថៃក៏បានចេញការព្រមានអំពីអាកាសធាតុជាបន្ទាន់ផងដែរ ខណៈខេត្តសរុបចំនួន៤៦របស់ប្រទេសថៃ ស្ថិតក្រោមការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ប្រជាជនថៃរស់នៅតាមតំបន់ភ្នំ ក្បែរមាត់ទន្លេ និងតំបន់ទំនាប ត្រូវបានមន្ត្រីមូលដ្ឋានប្រាប់ឲ្យត្រៀមលក្ខណៈទប់ទល់នឹងទឹកជំនន់ភ្លាមៗ និងទឹកជំនន់ហូរធ្លាក់ពីលើភ្នំ។ ខ្យល់មូសុង ត្រូវបានព្យាករថា នឹងលាតសន្ធឹងពីប្រទេសមីយ៉ាន់ម៉ា កាត់ភាគខាងជើង និងភាគឦសានប្រទេសថៃ ចូលទៅក្នុងប្រទេសវៀតណាម។

ជាមួយគ្នានេះ ប្រព័ន្ធសម្ពាធទាបនៅភាគខាងត្បូងប្រទេសចិន ក៏កំពុងរំកិលតាមគន្លងតែមួយ ជាហេតុធ្វើឲ្យខ្យល់មូសុងកាន់តែមានឥទ្ធិពលខ្លាំង ហើយបន្តប៉ះពាល់ដល់សមុទ្រអាន់ដាម៉ាន់ ប្រទេសថៃ និងឈូងសមុទ្រថៃ។

តំបន់សមុទ្រ ត្រូវបានរំពឹងថា កម្ពស់រលកនឹងហក់ឡើងដល់ទៅ២ម៉ែត្រនៅសមុទ្រអាន់ដាម៉ាន់ និងខ្ពស់ជាង២ម៉ែត្រនៅឈូងសមុទ្រថៃ។ ជាការឆ្លើយតប ប្រជានេសាទ និងប្រតិបត្តិករទូក ត្រូវបានណែនាំឲ្យឡើងមកលើគោក ឬអនុវត្តការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់នៅសមុទ្រ៕

ប្រភព ៖ The Nation ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner