អាមេរិកសង្ឃឹមថា នឹងមានបទឈប់បាញ់ហ្គាហ្សាឆាប់ៗនេះ

គូឡាឡាំពួរ ៖ ប្រមុខការទូតកំពូលអាមេរិកមានជំនឿចិត្តខ្ពស់ថា នឹងមានបទឈប់បាញ់មួយ ដែលនាំទៅដល់ការបញ្ឈប់ការសម្លាប់ជីវិតមនុស្សស្ទើររាល់ថ្ងៃ និងស្ថានភាពប្រជាជនរស់នៅដូចឋាននរកនៅតំបន់ហ្គាហ្សាឆាប់ៗនេះ ខណៈការចរចាកាន់តែជិតជាងអ្វីដែលធ្លាប់បានធ្វើកន្លងមក។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១០ ខែកក្កដា នៅក្រៅកិច្ចប្រជុំអាស៊ានក្នុងប្រទេសម៉ាឡេស៊ីថា យើងជឿជាក់ថា យើងកាន់តែខិតជិតបទឈប់បាញ់នៅហ្គាហ្សា ហើយឥឡូវនេះ មានការពិភាក្សាអំពីរបៀបអនុវត្តលក្ខខណ្ឌទាំងនោះ។

លោក Rubio មានវ័យ៥៤ឆ្នាំ បានគូសបញ្ជាក់ថា យើងមានក្តីសង្ឃឹមចំពោះរឿងនេះ ប៉ុន្តែយើងក៏ទទួលស្គាល់ដែរថា វានៅតែមានបញ្ហាប្រឈមមួយចំនួន មុនពេលឈានដល់បទឈប់បាញ់។

ប្រមុខការទូតកំពូលអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា បញ្ហាប្រឈមសំខាន់មួយ នោះគឺឆន្ទៈរបស់ក្រុមហាម៉ាស ក្នុងការទម្លាក់អាវុធចុះ ទើបអាចបញ្ចប់ជម្លោះនេះភ្លាមៗបាន ខណៈអ៊ីស្រាអែលបានបង្ហាញពីភាពបត់បែនមួយចំនួនរួចហើយ។

ជាការឆ្លើយតប ក្រុមហាម៉ាស់បានទទួលស្គាល់ថា បទឈប់បាញ់មិនអាចឈានដល់ ដោយសារមានការខ្វែងគំនិតគ្នាមួយចំនួន ពិសេសការនាំជំនួយមនុស្សធម៌ជួយដល់ប្រជាជនដែលរស់នៅដូចឋាននរកនៅហ្គាហ្សា និងការដកទ័ពអ៊ីស្រាអែលចេញពីទីនោះ ដែលនេះជាការទាមទារ និងជាការធានាដ៏ពិតប្រាកដ សម្រាប់សន្តិភាពយូរអង្វែង។

ហេតុដូច្នេះពិភពលោកមានតែចាំមើលថាតើភាគីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់អាចបំបែកភាពទាល់ច្រកបានដែរទេ ស្របពេលដែលការ ចរចា ដោយ ប្រយោល ចុង ក្រោយ សម្របសម្រួល ដោយ កាតា អាមេរិក និង អេហ្ស៊ីប បាន ឈាន ចូល ដល់ ថ្ងៃ ទី៥ នៅ ទីក្រុង ដូហា កាល ពី ថ្ងៃ ព្រហស្បតិ៍។

ទោះបីជាធ្លាប់មានបទឈប់បាញ់រយៈពេលមួយសប្តាហ៍ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ និងការបញ្ឈប់ការផ្ទុះអាវុធរយៈពេល ២ខែដែលបានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៥ក៏ដោយ ក៏ការចរចាសាជាថ្មីនៅទីក្រុងដូហា និងគ៊ែរ បានបរាជ័យ នៅក្នុងការបិទបញ្ចប់អរិភាពនៅតំបន់ហ្គាហ្សា៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner