ក្រសួងបរិស្ថាន និង វិស័យឯកជនរួមគ្នាពង្រីកវិសាលភាពនៃកម្មវិធី ថាមពលឆ្លាតវៃ (PowerWise) និងប្រកាសចាប់ផ្តើមរកដៃគូចូលរួមក្នុង រដូវកាលទី៣
(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយរវាងក្រសួងបរិស្ថាន និង ក្រុមហ៊ុន សិវែ ដែលធ្វើឡើងនៅថ្ងៃនេះ(ថ្ងៃទី១១ ខែ កក្កដា)ក្នុងគោលដៅ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធី ថាមពលឆ្លាតវៃ(PowerWise)។ ជាមួយនឹងការបង្ហាញការប្តេជ្ញាចិត្តខ្ពស់នៃកិច្ចការថែរក្សាបរិស្ថាន និង ការប្រើប្រាថាមពលប្រកបដោយចិរភាពនេះ ក៏មានការប្រកាសចាប់ផ្តើមរកដៃគូចូលរួមជាផ្លូវការនៃរដូវកាលទី៣ផងដែរ ។
គួរបញ្ជាក់ថា ថាមពលឆ្លាតវៃបាន ជួយអាជីវកម្ម និងស្ថាប័នកាត់បន្ថយចំណាយលើអគ្គិសនី បង្កើតទម្លាប់សន្សំថាមពលយូរអង្វែង និង ដំណើរការប្រកបដោយនិរន្តរភាព ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ថាការប្រកួតប្រជែង និងការចូលរួមទាំងរដូវកាលទី ១ រដូវកាលទី២កន្លងមកឃើញថាមានវិស័យឯកជន ពិសេសក្រុមហ៊ុន អង្គការ នឹងចូលរួមបន្ថែមទៀត។ នាពេលនេះដែរក៏ជាឱកាសល្អដែលបណ្តាសហគ្រិនវ័យក្មេង ក្រុមហ៊ុន និងអង្គភាពនានា ចូលរួមក្នុងកម្មវិធីថាមពលឆ្លាតវៃ។ ការចូលរួមនេះដែរគឺជាការពង្រីកផលជៈវិជ្ជមានរបស់កម្មវិធី ទៅលើការប្រើប្រាស់ថាមពលប្រកបដោយចីរភាពនៅទូទាំងវិស័យពាណិជ្ជកម្ម របស់កម្ពុជា ។
ឯកឧត្តមានប្រសាសន៍ថា”ខ្ញុំសូមអំពាវនាវយ៉ាងកក់ក្តៅចំពោះស្ថាប័នទាំងអស់ដែលប្រតិបត្តិការក្នុងអគារពាណិជ្ជកម្ម ចូលរួមក្នុងការប្រកួតប្រជែងនេះ។ ថាមពលឆ្លាតវៃ(PowerWise) បម្រើជាយន្តការដ៏សំខាន់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ”។
មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់បន្ថែមថាកម្មវិធីប្រកួតប្រជែងក្នុងរដូវកាលទី៣ ក្រសួងបានធ្វើការគាទ្រ និងសំណូមពរដល់អង្គការដៃគូ វិស័យឯកជនផ្សេងៗទៀតចូលរួមឱ្យបានកាន់តែច្រើនដើម្បីឱ្យការប្រកួតប្រជែងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។

លោក ហ្វ្រង់ វ៉ាហ្គាណេ (Frantz Vaganay) នាយកក្រុមហ៊ុន សិវែ បានលើកឡើងថាការប្រកួតប្រជែងនេះជាវេទិកាមួយដើម្បីស្វែងយល់ពីទិដ្ឋភាពចម្រុះនៃការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធិភាព ដែលផ្តោតលើអាកប្បកិរិយាអ្នកប្រើប្រាស់ ទម្លាប់ប្រចាំថ្ងៃ និងឥរិយាបថសង្គម។ វាពិតជាសប្បាយរីករាយដែលបានឃើញការចូលរួមយ៉ាងសកម្មរបស់ម្ចាស់អគារ និងភាគីពាក់ព័ន្ធ សំខាន់ៗនៅក្នុងគំនិតផ្តួចផ្តើមនេះ ដែលជាការបង្ហាញពីទិដ្ឋភាពប្រសិទ្ធភាពថាមពលដែលមានភាពរីក ចម្រើន។
លោកបានបញ្ជាក់ប្រាប់បន្ថែមថាក្នុងរដូវកាលទី ១ និងទី២មានក្រុមហ៊ុនបានចូលរួមប្រកួតប្រជែងចំនួនជាង ៤០ក្រុមហ៊ុនដែលមានបុគ្គលិកចូលរួមលើសពី៥ពាន់នាក់។សម្រាប់រដូវកាលទី៣នេះរំពឹងថានឹងមានក្រុមហ៊ុនចូលរួមចាប់ពី៤០ ទៅ ៥០ក្រុមហ៊ុន ដែលជាចំនួនលើសមុនដោយសារពួកគាត់បានយល់ដឹងច្រើនពីកម្មវិធី ថាមពលឆ្លាតវៃនេះ ។
កញ្ញា ម៉ូ សេត យ៉ាដាណា នាយិកាផ្នែកលក់ និងទីផ្សារ ពីសណ្ឋាគារ និងអាផាតមេន ហ៊ីម៉ាវ៉ារី បានលើកឡើង ពីសារះសំខាន់នៃថាមពលឆ្លាតវៃ (PowerWise) ។ កម្មវិធីនេះគឺជាជម្រើសល្អមួយសម្រាប់ការប្រកួតប្រជែង។ជាមួយគ្នាវាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះនិរន្តរភាពបរិស្ថានផងដែរ ។
គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងរដូវកាលទី៣ ទទួលបានការគាំទ្រជាផ្លូវការពីក្រសួងបរិស្ថាន និង ក្រសួង រ៉ែ និងថាមពល ដោយផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពថាមពលនៅក្នុងប្រទេស ៕


ដោយ ៖ ម៉ាដេប៉ូ
រូប ៖ លោក រិនរចនា និងបូរិន