រដ្ឋបាលខេត្តស្ទឹងត្រែងដាំកូនឈើជាងពីរម៉ឺនដើម នៅស្រុកថាឡាបរិវ៉ាត់
ស្ទឹងត្រែង៖កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ឯកឧត្តម ឈាង ឡាក់ ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ ប្រធាន មន្ទីរកសិកម្ម រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការជាច្រើននាក់ បាន អញ្ជើញចូលរួមដាំកូនឈើចម្រុះជាងពីរម៉ឺនដើមដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅស្រុកថាឡាបរិវ៉ាត់។សកម្មភាពនេះដើម្បីចូល រួម អបអរបុណ្យរុក្ខទិវា ៩កក្កដា។
ពិធីដាំដើមឈើបានរៀបចំជានិមិត្តរូបនៅក្នុងបរិវេណវិទ្យាល័យព្រះគោ ស្រុកថាឡា បរិវ៉ាត់ ដែលជាស្រុកមានព្រំប្រទល់ជាប់ប្រទេសឡាវ។លោក ទុំ នីរ៉ូ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានរាយការណ៍ថា មន្ទីរកសិកម្ម ដែលមានខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងជាសេនាធិការបានបណ្តុះកូនឈើចម្រុះ ចំនួន ២៨.៦០០ដើម ក្នុងនោះមាន កូនក្រញូងចំនួន១៣.០០០ដើម, ក្ងោក២.០០០ដើម, បេង៥.០០០ដើម, ធ្នង់៦.៥០០ដើម, គគីរ១០០ដើម, កកោះ៤០០ដើម, ព្រីង៦០០ដើម និងស្មៅ១.០០០ដើម ។
លោកបន្តថា ដោយឡែកនៅក្នុងឆ្នាំ២០២៥នេះ មន្ទីរកសិកម្មខេត្ត បានធ្វើការចែក កូនឈើ ជូនប្រជាពលរដ្ឋ និងមន្ទីរ អង្គភាពនានាយកទៅដាំតាមទីសាធារណៈ វត្តអារាម សាលារៀន សួនច្បារ ផ្លូវសាធារណៈ ក្នុងនោះក៏បានបំផុសចលនាដល់ គូរស្រករថ្មីឱ្យចូលរួមដាំកូនឈើក្នុងម្នាក់មួយដើម ពេលប្រារព្ធអាពាហ៍ពិពាហ៍ដើម្បីទុកជាអនុស្សាវរីយ៍ដល់គូរស្វាមីភរិយាថ្មីទៀតផង។
ខេត្តស្ទឹងត្រែងក៏មានការចូលរួមពីវិស័យឯកជន ក្នុងការដាំដុះនូវប្រភេទឈើដែល មានតម្លៃសេដ្ឋកិច្ចដូចជា ម៉ៃសាក់ ធ្នង់ អាកាស្យា កៅស៊ូ ជាដើម ។ល។បច្ចុប្បន្ន ទូទាំងខេត្តមានសហគមន៍ព្រៃឈើចំនួន២១សហគមន៍ ដែលមានផ្ទៃដីព្រៃសរុប ចំនួន៣៧.៤១៨ហិកតា មានប្រជាពលរដ្ឋចូលរួមចំនួន១៦.៨៦២នាក់ នៅលើភូមិសាស្ត្រ៤៤ភូមិ ១៦ឃុំ និង៣ស្រុក ។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងដឹកនាំបន្តដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានយកចិត្តទុកដាក់ណាស់ ក្នុងការដាំដើមឈើ មិនថាប្រភេទកូនឈើធម្មជាតិ ឬកូនឈើហូបផ្លែទេ។ឯកឧត្តមបានលើកទឹកចិត្តផង និងជំរុញផងដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមដាំដើមឈើ និងស្រឡាញ់ដើមឈើ៕
អត្ថបទនិងរូបភាព៖ដេង ម៉ាវិន