ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ ៖ មិនមែនគ្រាន់តែចែកដីធ្លីតាមគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់ថ្នាក់ដឹកនាំក្រសួងឱ្យពង្រីកការគិតគូរបន្ថែមទៀត លើការងារសម្បទានដីដោយមិនគ្រាន់តែជាការចែកដីធ្លី តាមគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ។

ថ្លែងក្នុងកិច្ចប្រជុំណែនាំការងារសម្បទានដីដើម្បីសង្គម និងសេដ្ឋកិច្ច និងការរៀបចំកែលម្អឆ្នេរសមុទ្រ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់បន្ថែមថា វិសាលភាពនៃការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺមានទំហំធំធេង ហើយការងារដែលយើងធ្លាប់ធ្វើពីមុន មកដល់បច្ចុប្បន្ន គឺកាន់តែមានទំហំធំធេងជាងមុនទៅទៀត ដូច្នេះសូមកុំគិតត្រឹមតែការងារស្នូលតែ១ជ្រុង ប៉ុន្តែត្រូវពង្រីកការគិតគូរបន្ថែមទៀត ដើម្បីជំរុញកិច្ចអភិវឌ្ឍ លើកស្ទួយគុណភាពជីវិតរបស់មនុស្ស ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យប្រសើរឡើងផងដែរ ។

ទាក់ទិននឹងការងាររៀបចំកែលម្អឆ្នេរសមុទ្រ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំថ្នាក់ដឹកនាំក្រសួង ត្រូវជជែកពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំផែនការថវិកាកែលម្អឆ្នេរសមុទ្រ បន្ទាប់មកត្រូវពិភាក្សាជាមួយបណ្ដាឃុំនៅតាមតំបន់ឆ្នេរ ថាតើយើងត្រូវរៀបចំកែលំអរអ្វីខ្លះនៅតំបន់ឆ្នេរ ដើម្បីឲ្យតំបន់ឆ្នេរកាន់តែមានសោភ័ណភាព មានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អោយចូលមកកំសាន្តកាន់តែច្រើន សំដៅទទួលបានប្រាក់ចំណូល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ ។

ជាមួយនេះ ត្រូវធ្វើរបាយការណ៍អំពីគម្រោងដែលម្ចាស់ក្បាលដី អាជ្ញាធរឃុំតាមតំបន់ឆ្នេរ និងកោះ និងក្រុមហ៊ុនថ្ងៃបាំងឆត្រ គ្រោងនឹងធ្វើនោះយកមកដាក់ជូនក្រសួងពិនិត្យសិក្សាបន្ថែម មុននឹងចាប់ផ្តើមដាក់អោយអនុវត្តគំរោងទាំងនោះ ។
ដោយឡែកទាក់ទិននឹងការងារសម្បទានដីដើម្បីសង្គមនិងសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារ ត្រូវធ្វើរបាយការណ៍ទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិនិត្យនិងសំរេច រួចទើបរៀបចំកិច្ចប្រជុំពិភាក្សាជាមួយសមាគមអតីតយុទ្ធជនកម្ពុជាដើម្បីអនុវត្ត ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner