ស្រុកកណ្តៀង ត្រូវបានប្រកាសជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាកាល
ពោធិសាត់៖ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ត្រូវបានប្រកាសជ័យលាភី ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាកាល ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្តតំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ។
លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀងឱ្យដឹងថា ពាក់ព័ន្ធនឹងការងារវាយតម្លៃ ផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល រដ្ឋបាលស្រុកកណ្តៀង និងរដ្ឋបាលឃុំ បានទទួលការបណ្តុះបណ្តាលពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ហើយបានរៀបចំបង្កើតក្រុមការងារស្រុក ក្រុមការងារឃុំដើម្បីផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ជារួមសម្រាប់រដ្ឋបាលស្រុកកណ្តៀង គឺ ៩១ភាគរយនៃខ្នងផ្ទះមានបង្គន់អនាម័យ ។ដូច្នេះ គឺជាប់ជាស្រុកដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
បញ្ជាក់បន្ថែមលើការងារនេះ លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឱ្យដឹងថា មន្ទីរអភិវឌ្ឍន៍ជនបទ គឺជាសេនាធិការឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ដែលផ្តោតទៅលើការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវថ្នល់ ស្ពាន លូ ប្រព័ន្ធចែកចាយទឹកខ្នាតតូច ស្រះ ទឹកសហគមន៍ អណ្តូងទឹក និងបង្គន់អនាម័យ។ ដើម្បីសម្រេចឱ្យបាននៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅតាមជនបទ ត្រូវមានទឹកស្អាត និងអនាម័យ១០០ភាគរយ មន្ទីរបានសាងសង់ស្រះទឹក អណ្តូងទឹក និងបង្គន់អនាម័យជាច្រើន ក្នុងនោះក៏មានការជួយគាំទ្រ ជ្រោមជ្រែង និងចូលរួមចំណែក យ៉ាងសកម្មពីបណ្តាសប្បុរសជន អង្គការជាតិ អន្តរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត។
លោកបានបញ្ជាក់ទៀតថា ខេត្តពោធិ៍សាត់ គឺជាខេត្តទី២៣ហើយ ដែលត្រៀមទទួលជោគជ័យ នៃការបិទបញ្ចប់បន្ទោបង់ពាសវាលពាសកាលទូទាំងខេត្ត កម្រិត(ODF) ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។
សូមជម្រាបថា កណ្តៀង គឺជាស្រុកមួយ ស្ថិតក្នុងចំណោមក្រុង ស្រុកទាំង៧ របស់ខេត្តពោធិ៍សាត់ ដែលមានទីតាំងនៅប៉ែកខាងជើងពីសាលាខេត្តពោធិ៍សាត់ ចម្ងាយ ៧គីឡូម៉ែត្រ។រដ្ឋបាលស្រុកស្ថិតនៅភូមិស្ថានីយ ឃុំកណ្ដៀង។ ស្រុកកណ្តៀង មានព្រំប្រទល់ខាងជើងទល់នឹងបឹងទន្លេសាប ខាងត្បូងទល់នឹងក្រុងពោធិ៍សាត់ ខាងកើតទល់នឹងស្រុកក្រគរ និងក្រុងពោធិ៍សាត់ ខាងលិចទល់នឹងស្រុកបាកាន និងក្រុងពោធិ៍សាត់ មានផ្ទៃដីសរុបចំនួន ៧៣.០០០ហិកតា ក្នុងនោះ៖ ផ្ទៃដីត្រូវបានបែងចែកជា ៣តំបន់ គឺ ដីតំបន់១ ជាដីលំនៅឋាន និងដីស្រែចម្ការ មានផ្ទៃដីសរុបចំនួន ៣៥.៩៤៦ហិកតា ដីតំបន់២ មានចំនួន ៣.៧៧៤ហិកតា និងដីតំបន់៣ចំនួន ៣៣.២៨០ហិកតា។
ស្រុកកណ្ដៀង ចែកចេញជា ៩ឃុំ មាន ១១២ភូមិ ក្នុងនោះ មានឃុំជាប់នឹងបឹងទន្លេសាបចំនួន ៤ឃុំ ដូចជា ឃុំរាំងទិល ឃុំស្រែស្តុក ឃុំស្យា ឃុំកញ្ជរ។ ប្រជាជនសរុបចំនួន ១៩.៤២៦គ្រួសារ ក្នុងនោះគ្រួសារអចិន្រ្តៃយ៍ចំនួន ១៨.៨៨០ គ្រួសារ បណ្ដោះអាសន្នចំនួន ៥៤៦គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ៧២.០១៦នាក់ ស្រី ៣៧.២០៩នាក់៕
ដោយ៖ចេង ពុំ