ក្រុមហ៊ូទីវាយប្រហារជាថ្មីលើព្រលានយន្តហោះអ៊ីស្រាអែល ក្រោយបាញ់ពន្លិចកប៉ាល់នៅសមុទ្រក្រហម

សាណាអា ៖ បន្ទាប់ពីបានបាញ់ពន្លិចកប៉ាល់ដឹកទំនិញចំនួនពីរគ្រឿងចូលសមុទ្រ ឥឡូវនេះក្រុមឧទ្ទាមហ៊ូទីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកបានចេញមុខពើងទ្រូងទទួលខុសត្រូវ ចំពោះការបាញ់ផ្លោងមីស៊ីលជាច្រើនគ្រាប់វាយប្រហារព្រលានយន្តហោះ Ben Gurion របស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍។

អ្នកនាំពាក្យក្រុមប្រដាប់អាវុធនៅយេម៉ែនមួយនេះ លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ al-Masirah ថា ការវាយប្រហារនេះ គឺដើម្បីសងសឹកទៅនឹងភ្លើងសង្រ្គាមរបស់អ៊ីស្រាអែលដែលកំពុងដុតកម្លោចអាយុជីវិតប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។

ទន្ទឹមគ្នា កងជីវពលរបស់លោកក៏បានប្តេជ្ញាដែរថា នឹងបន្តវាយប្រហារដោយមីស៊ីលផ្លោងឆ្ពោះទៅរកទឹកដីអ៊ីស្រាអែល និងនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅសមុទ្រក្រហម ដរាបណាការឈ្លានពានរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបិទបញ្ចប់ជាអចិន្ត្រៃយ៍។

ដោយឡែកខាងភាគីយោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចដែលបាញ់ចេញពីប្រទេសយេម៉ែន ហោះសំដៅមកកាន់ប្រទេសអ៊ីស្រាអែលនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសំឡេងស៊ីរ៉ែនប្រកាសអាសន្នការវាយប្រហារតាមអាកាសបានបន្លឺឡើងនៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុង Tel Aviv ។ ប៉ុន្តែជាសំណាងល្អ មិនមានមនុស្សមនុស្សស្លាប់ ឬរងរបួសទេ។

ការវាយប្រហារនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធហ៊ូទី បានចេញផ្សាយវីដេអូមួយកាលពីល្ងាចថ្ងៃពុធ ដែលបង្ហាញពីការវាយប្រហាររបស់ក្រុមខ្លួន ដែលបានពន្លិចកប៉ាល់ Eternity C ដែលជានាវាផ្ទុកទំនិញភាគច្រើនរបស់ក្រិកនៅសមុទ្រក្រហម ដែលនេះជាកប៉ាល់គ្រឿងទីពីរហើយ ដែលក្រុមនេះបានបាញ់ពន្លិចក្នុងរយៈពេលត្រឹម ៤ថ្ងៃប៉ុណ្ណោះ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner