រដ្ឋបាលខេត្តពោធិ៍សាត់បូកសរុបលទ្ធផលការងារនៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
ពោធិ៍សាត់៖រដ្ឋបាលខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងឆមាសទី១ និងទិសដៅអនុវត្តបន្តក្រោមអធិបតីលោក ពៅ ពិសិដ្ឋ អភិបាលរង តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

ក្នុងកិច្ចប្រជុំនេះ លោក ពៅ ពិសិដ្ឋ បានមានប្រសាសន៍ថា ដើម្បីរក្សាការពារនូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ជាពិសេសពង្រឹងការអនុវត្តនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវបន្តប្តេជ្ញា ប្រយុទ្ធប្រឆាំងជាមួយនឹងបទល្មើសគ្រប់ប្រភេទ ក្នុងនោះ ការគ្រប់គ្រងជនអន្តោប្រវេសន៍ខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន សកម្មភាពក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសផ្សេងៗទៀត។

លោកបានក្រើនរំលឹកថា ពង្រឹងការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ជាបុរេលក្ខខណ្ឌចាំបាច់ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ នាំឱ្យប្រជាជនមានសិទ្ធិសេរីភាព មានជីវភាពរស់នៅល្អប្រសើរ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមផ្ទះប្រជាពលដ្ឋ អំពីគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព, រៀបចំវេទិកាសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា៕
ដោយ៖ចេងពុំ


