រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ មូលហេតុសំខាន់ៗចំនួន៣ នៃការធ្វើសេចក្តីស្នើសុំវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់នៅក្នុងរដ្ឋសភាថា ការធ្វើសេចក្តីស្នើសុំវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាលើកនេះ ក៏មានលក្ខណៈពិសេសដោយឡែកមួយទៀតដោយហេតុថាជាលើកទី១ នៅក្នុងប្រវត្តិសាស្ត្រដែលើតំណាងរាស្ត្រទាំងអស់នៃរដ្ឋសភា និងពីគ្រប់គណបក្សនយោបាយទាំងអស់ដែលមានអាសនៈនៅក្នុងរដ្ឋសភាបានរួមគ្នាធ្វើសេចក្តីស្នើសុំវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានមានប្រសាសន៍បញ្ជាក់ថា មូលហេតុសំខាន់សម្រាប់ការធ្វើសកម្មភាពរួមគ្នាជាធ្លុងមួយទាំងពីសំណាក់ស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល និងទាំងពីសំណាក់តំណាងរាស្ត្រទាំង ១២៥រូប មានន័យថា ១០០% ពីគ្រប់គណបក្សនយោបាយទាំងអស់ដែលមានអាសនៈនៅក្នុងរដ្ឋសភា គឺឆ្លុះបញ្ចាំងអំពីសំខាន់នៃការធ្វើវិសោធនកម្មនេះក្នុងការបម្រើឱ្យឧត្តមប្រយោជន៍ដ៏សំខាន់សម្រាប់ប្រទេសជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ដែលអាចពិនិត្យឃើញមានមានមូលហេតុសំខាន់ៗចំនួន៣ រួមមាន៖
ទី១. វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងដ៏សំខាន់ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពោលគឺការលើកកម្ពស់ឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជារបស់ខ្លួននៅគ្រប់កាលៈទេសៈទាំងអស់។ តាមរយៈវិសោធនកម្មមាត្រា ៣៣ នឹងបើកផ្លូូវមានការរៀបចំនៅក្របខណ្ឌច្បាប់ដើម្បីដកសញ្ជាតិខ្មែរដែលក្របខណ្ឌច្បាប់នេះ នឹងក្លាយទៅជាឧបករណ៍គតិយុត្តិដ៏សំខាន់របស់រដ្ឋដើម្បីការពាររដ្ឋ ពិសេសប្រឆាំងនឹងពលរដ្ឋដែលឃុបឃិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ ធ្វើសកម្មភាពប៉ះពាល់ដល់វិស័យសន្តិសុខជាតិធ្ងន់ធ្ងរ សេចក្តីសុខសាន្តរបស់ប្រជាជននឹងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។
ទី២. ដើម្បីធានាការគោរពនៅមាត្រា ៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។
ទី៣.ដើម្បីរួមចំណែកយ៉ាងសំខាន់ប្រឆាំងនៅការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។
សូមជម្រាបថា រដ្ឋសភានៃព្រះជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី ប្រធានដ្ឋសភា ដែលមានវត្តមានសមាជិករដ្ឋសភាចំនួន១២៥ អង្គ/រូប ដើម្បីពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
អង្គរដ្ឋសភាបានពិភាក្សា អនុម័ត សេចក្តីស្នើវិសោធនកម្ម តាមនីតិវិធីដោយបានពិភាក្សា ផ្តល់យោបល់យ៉ាងល្អិតល្អន់ ពីតំណាងរាស្រ្តហត្ថលេខី តំណាងរាជរដ្ឋាភិបាល គណៈកម្មការជំនាញរបស់រដ្ឋសភា ក៏ដូចជាពីសមាជិក សមាជិការដ្ឋសភា មុនអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទំាងមូលជាឯកច្ឆន្ទ ដោយសំឡេងគំាទ្រ ១២៥លើ១២៥ សំឡេង។
សូមជម្រាបថា តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប មកពីចម្រុះគណបក្សទំាងអស់មានអាសនៈក្នុងរដ្ឋសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់សំណើជូនរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ


