កូនត្រី និងត្រីមេពូជចម្រុះជាង ៣ម៉ឺនក្បាល ត្រូវបានលែងនៅបឹងធម្មជាតិខេត្តព្រះវិហារ
ព្រះវិហារ៖កូនត្រី និងត្រីមេពូជចម្រុះជាង៣៥.០០០ក្បាល ត្រូវរដ្ឋបាលខេត្តព្រះវិហារលែងចូលក្នុងបឹងធម្មជាតិ ដើម្បីចូលរួមអបអរសាទរ«ទិវាមច្ឆជាតិ ១កក្កដា» ឆ្នាំ២០២៥ ក្នុងពិធីដែលប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តពោធិ៍ ៥០០០ដើម កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារក្នុងឱកាសអញ្ជើញចូលរួមដោយផ្ទាល់បានថ្លែងថា ការលែងកូនត្រី និងត្រីមេពូជ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមការពារ និងអភិរក្សធនធានជលផលធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។
ឯកឧត្តមបន្តទៀតថា ដើម្បីធានាការគ្រប់គ្រងធនធានជលផល រាជរដ្ឋាភិបាល បានរៀបចំឱ្យមានច្បាប់ស្តីពីជលផល ដែលក្លាយជាឧបករណ៍គតិយុត្ត ស្របនឹងបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច សង្គម នៅកម្ពុជា ក្នុងការពង្រឹងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕
ដោយ៖ឡុង សំបូរ






