ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ នឹងពិនិត្យព្យាបាលជូនប្រជាពលរដ្ឋកំពង់ធំបីថ្ងៃដោយឥតគិតថ្លៃ
កំពង់ធំ៖តាមកម្មវិធីដែលបានគ្រោងទុក ក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ នឹងបើកការពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។សកម្មភាពនេះជាការតបនឹងកម្មវិធី “តំណាងរាស្រ្តដើម្បីសុខភាពប្រជាជន”។
មុនព្រឹត្តិការណ៍មនុស្សធម៌នេះមកដល់ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នៅសាលប្រជុំសាលាខេត្តលោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំដើម្បីបែងចែកភារកិច្ចទៅដល់អង្គភាពពាក់ព័ន្ធផ្សេងៗដែលក្នុងនោះក៏មានការចូលរួមពីក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ខេត្តផងដែរ។ទន្ទឹមនេះក៏ជំរុញឱ្យមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីព័ត៌មាននេះ។អ្វីដែលរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានចូលរួម គឺដើម្បីឱ្យសកម្មភាពមនុស្សធម៌ប្រព្រឹត្តទៅដោយរលូន៕
ដោយ៖ប៊ុនរដ្ឋា

