ក្រុមគ្រូពេទ្យមណ្ឌលសុខភាពគូលែន ជួយសម្រាលកូនឱ្យស្រ្តីម្នាក់លើគោយន្ត
ព្រះវិហារ៖ ប្រធានមណ្ឌលសុខភាពគូលែន បានចាត់ក្រុមគ្រូពេទ្យ ឆ្មប ទៅជួយសង្គ្រោះទារកដោយជួយសម្រាលដល់ស្រ្តីជាម្តាយនៅលើគោយន្តកន្ត្រៃនាដងផ្លូវនៃតំបន់ដាច់ស្រយាលនៅភូមិពោធិ៍រៀង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍តាមទូរសព្ទពីសមាជិកក្រុមប្រឹក្សាឃុំគូលែនជើង ថា ស្ត្រីឈ្មោះ ពៅ សារឿន វ័យ ២៩ឆ្នាំ កំពុងឈឺពោះសម្រាលកូននៅលើគោយន្ត ពេលកំពុងធ្វើដំណើរតាមដងផ្លូវក្នុងតំបន់ដាច់ស្រយាល ,ភ្លាមៗប្រធានមណ្ឌលសុខភាពគូលែន បានចាត់មន្ត្រីឆ្មបម្នាក់ រួមជាមួយនឹងរថយន្តសង្គ្រោះចេញទៅជួយអន្តរាគមន៍ជាបន្ទាន់។ ខណៈទៅដល់ភ្លាមក្រុមការងារសង្គ្រោះបានជួយសម្រាលកូននៅលើគោយន្ត ដោយសុវត្ថិភាពទាំងម្តាយ និងទារក ។ទារកនេះជាកូនប្រុសទី២ក្នុងគ្រួសារកសិករ។
បន្ទាប់ពីសម្រាលរួច ក្រុមគ្រូពេទ្យក៏បានបញ្ជូនម្តាយ និងកូនមកសម្រាកនៅមណ្ឌលសុខភាពគូលែន ដើម្បីតាមដានសុខភាពបន្ត និងធានាបាននូវសុវត្ថិភាពសុខភាព៕
ដោយ៖ឡុង សំបូរ


