សហគ្រិនក្នុងស្រុកចាប់ដៃជាមួយវិនិយោគគិនសិង្ហបុរី មានមហិច្ឆតានាំចេញអង្ករ ១.២លានតោន ក្នុងមួយឆ្នាំទៅកាន់ទីផ្សារបរទេស
(ភ្នំពេញ)៖ នៅក្នុងកម្មវិធីជួបជុំពិភាក្សារវាងម្ចាស់រោងម៉ាស៊ីន និងសមាគមន៍ សហគមន៍ កសិករ ក្នុងការទិញលក់-អង្ករ សម្រាប់ផ្គត់ផ្គង់ទីផ្សារបរទេស កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារណាហ្គាវើល ក្រុមហ៊ុន កាឡេស៉ី ហ្វូដ ឯ.ក (Qalesis Food Co.,Ltd) ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នាដោយសហគ្រិនក្នុងស្រុក និងវិនិយោគិនសិង្ហបុរី បានបង្ហាញកិច្ចខិតខំប្រឹងប្រែងក្នុងការស្វះស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ដើម្បីធានាការផ្គត់ផ្គង់អង្ករ ក្នុងបរិមាណដ៏ច្រើន គឺ១០ម៉ឺនតោនក្នុង១ខែ ឬ១.២លានតោនក្នុងមួយឆ្នាំ សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។
បើតាម លោក ស វាសនា នាយកក្រុមហ៊ុន កាឡេស៉ី ហ្វូដ ឯ.ក បានគូសបញ្ជាក់ពីការជួយជំរុញការនាំចេញអង្ករកម្ពុជា ដើម្បីលើកស្ទួយវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើន ជួយឱ្យតម្លៃកសិផលក្នុងស្រុកមានស្ថិរភាព មានលំនឹងទីផ្សារច្បាស់លាស់ និងគាំទ្រគោលនយោបាយជំរុញការនាំចេញរបស់រាជរដ្ឋាភិបាល។
លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះក្រុមហ៊ុនលោកមានដៃគូវិនិយោគពីសិង្ហបុរី ដែលមានបទពិសោធន៍ទិញលក់ស្រូវអង្ករ ប្រមាណ ២០ឆ្នាំ មានផែនការទិញអង្ករពីកម្ពុជាចំនួន ១.២លានតោនក្នុង១ឆ្នាំ ឬ១០ម៉ឺនតោនក្នុង១ខែ សម្រាប់រយៈពេលកុងត្រា ២០ឆ្នាំ ដើម្បីនាំចេញទៅកាន់ទីផ្សារអាហ្វ្រិក និងប្រទេសដទៃទៀត។ ចំណែកប្រភេទអង្ករភាគច្រើន គឺអង្ករប្រភេទ OM 5451, អង្ករ IR 504 និងប្រភេទអង្ករក្រអូបមួយចំនួនផងដែរ។
លោក វាសនា បានលើកឡើងពីភាពខ្លាំងរបស់ក្រុមហ៊ុន កាឡេស៉ី ហ្វូដ ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបាន គឺក្រុមហ៊ុនមានទីផ្សារស្រាប់ មានទុនផ្ទាល់ខ្លួន និងមានកប៉ាល់ដឹកទំនិញផ្ទាល់ខ្លួន ដែលកាត់បន្ថយថ្លៃចំណាយបានច្រើន។
ជាមួយគ្នានេះដែរ លោក បញ្ជាក់ថា ដើម្បីឱ្យការងារនាំចេញអង្ករបានជោគជ័យ គឺត្រូវការការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈការអនុញ្ញាតឱ្យកប៉ាល់របស់យើង ចូលមកដឹកអង្ករនាំចេញដោយរួចពន្ធ និងគាំទ្រក្រុមហ៊ុន អាចបង្កើតតំបន់ FreeZone ដែលក្រុមហ៊ុនចង់វិនិយោគនៅខេត្តកំពត ។
លោក Kez Low សហស្ថាបនិកក្រុមហ៊ុន កាឡេស៉ី ហ្វូដ ឯ.ក បានលើកឡើងថា ដោយសារអង្កររបស់កម្ពុជា មានគុណភាពល្អជាងគេ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើពិភពលោក ទើបលោកសម្រេចសហការជាមួយដៃគូកម្ពុជា ប្រមូលទិញអង្ករកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសនៅអាហ្វ្រិក។
ក្នុងឱកាសនោះដែរ ក៏មានការចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ក្នុងការទិញលក់អង្កររវាងក្រុមហ៊ុន កាឡេស៉ី ហ្វូដ ឯ.ក និងក្រុមហ៊ុនផ្គត់ផ្គង់អង្ករចំនួន២ គឺក្រុមហ៊ុន លឹម ហេងលាភ ត្រេដីង និងក្រុមហ៊ុន Capital Food Investment Import Export Co.,Ltd ដែលតាមរយៈ MoU នេះ ក្រុមហ៊ុនទាំងពីរធានាផ្គត់ផ្គង់អង្ករចំនួន ២.៥ម៉ឺនតោនក្នុង ១ខែ (២ក្រុមហ៊ុនចំនួន ៥ម៉ឺនតោន) ជូនក្រុមហ៊ុន កាឡេស៉ី ហ្វូដ ឯ.ក ដើម្បីនាំចេញផងដែរ។ ក្រៅពីការនាំចេញអង្ករហើយនោះ ក្រុមហ៊ុន កាឡេស៉ី ហ្វូដ ឯ.ក ក៏មាននាំចូលនូវជីកសិកម្ម ពីប្រទេសសិង្ហបុរី គឺជីបំប៉ន DK-20 ដែលជាជីសរីរាង្គមានគុណភាពខ្ពស់។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រើយន្តការលើកលែងពន្ធគ្របប្រភេទ សម្រួលសេវាគ្រប់ប្រភេទក្នុងការនាំចេញ និងប្រតិបត្តិការរបស់រោងម៉ាស៊ិនកិនស្រូវ ព្រមទាំងអន្តរគមន៍ ហិរញ្ញវត្ថុតាមរយៈធនគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ។ នៅក្នុងឆ្នាំ២០២៤ ការផលិតស្រូវរបស់កសិករបានកើនឡើងពី៨លានតោន ក្នុង១ឆ្នាំទៅ១៤លានតោនក្នុង១ឆ្នាំ ជាមួយគ្នានេះ ឆ្នាំ២០២៤ សហព័ន្ធស្រូវអង្កករកម្ពុជាបាននាំចេញអង្ករចំនួន ៦៥ម៉ឺនតោន នាំចេញស្រូវប្រមាណ ៥លានតោនផងដែរ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា







