សម្តេច ម៉ែន សំអន ចូលរួមអបអរសាទរ និងផ្សព្វផ្សាយខ្លឹមសាររបស់រាជរដ្ឋាភិបាល ស្តីពីការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីរទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន ២៤វត្ត នៅខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។
តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនារបស់ខ្មែរ ព្រះសង្ឃគ្រប់ព្រះអង្គ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា៣ខែ សព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកំណត់ត្រឹមតែ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ ១៥កើត ខែអស្សុជ)។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមអបអរសាទរចំពោះ ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង កាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៥ វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតបចំពោះការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិតស្នើគ្រប់អង្គភាពទាំងអស់ទូទាំងខេត្ត ត្រូវអនុវត្តឲ្យបាននូវសារលិខិតលេខ ៣២លសខ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល «ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដោយត្រូវរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ០៧:០០ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ដើម្បីជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ»៕
ដោយ ៖ ថេត វិចិត្រ











