ម៉ូតូពីរគ្រឿងបើកប្រដេញគ្នាជ្រុលទៅបុករឺម៉កដឹកបន្លែបើកឆ្លងផ្លូវ រងរបួសធ្ងន់៦នាក់
ភ្នំពេញ៖ យុវជន៥នាក់ ជិះម៉ូតូពីរគ្រឿងប្រដេញគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករ៉ឺម៉កដឹកបន្លែមួយគ្រឿងបើកដោយបុរសម្នាក់ឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរឺម៉កក្រឡាប់ផ្ងារជើងម្ខាង រងរបួសធ្ងន់ទាំង៦នាក់ កាលពីម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅមុខផ្សារស្ទឹងមានជ័យចាស់ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករ៉ឺម៉កដឹកបន្លែ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដៃចូលទៅផ្លូវបេតុង ពេលនោះក៏មានម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរី០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DG-6971 ជិះដោយយុវជន៣នាក់ និងមួយគ្រឿងម៉ាកសុយស៊ូគីនីកពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HI-8179 ជិះដោយយុវជន២នាក់បើកប្រដេញគ្នាក្នុងល្បឿនលឿនបញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតបុកពេញទំហឹងបណ្តាលឲ្យរ៉ឺម៉កក្រឡាប់ផ្ងារជើងម្ខាងនិងបណ្តាលឲ្យរងរបួសធ្ងន់ទាំង៦នាក់។ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់ក្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះបន្ទាន់ចំនួន៥នាក់ និងរថយន្តសង្គ្រោះបន្ទាន់ក្លីនីករស្មីដឹកយកទៅសង្គ្រោះបន្ទាន់ចំនួន១នាក់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករ៉ឺម៉ក និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ម.ន