រថយន្តព្រូសបុករះរ៉ឺម៉កម៉ូតូសណ្ដោង និងកង់បីឥណ្ឌា ស្លាប់ម្នាក់ និងរបួសធ្ងន់៤នាក់
ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿង បានបុករះម៉ូតូរ៉ឺម៉ក និងម៉ូតូឥណ្ឌា ដែលស្របទិសគ្នាពេញទំហឹងបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងមនុស្សជាច្រើននាក់ទៀត រងរបួសធ្ងន់ កាលពីម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹង មុនកើតហេតុគេឃើញ រ៉ឺម៉កម៉ូតូមួយគ្រឿងធ្វើដំណើរដោយប្រុសស្រី២នាក់ និងកង់បីឥណ្ឌាធ្វើដំណើរដោយបុរស២នាក់ព្រមទាំងក្មេងស្រីម្នាក់ បានធ្វើដំណើរស្របគ្នាតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែត្រូវរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-0427 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត (បញ្ច្រាស់គ្នា) ក្នុងល្បឿនយ៉ាងលឿនដូចហោះ ហើយជ្រុលទៅបុករះរ៉ឺម៉កម៉ូតូ និងកង់បីឥណ្ឌា ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ភាគីខាងរ៉ឺម៉កម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ព្រមទាំងមនុស្ស៤នាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ។
ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កដែលរងរបួសស្រាលបានចុះគេចខ្លួនបាត់។ សមត្ថកិច្ចជំនាញមកធ្វើការវាស់វែង យកទាំងរ៉ឺម៉កម៉ូតូ និងកង់បីឥណ្ឌទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ រីឯសពស្ត្រីជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារផងដែរ៕ម.ន