មកដឹងពីសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាបូជនីយដ្ឋានចងចាំនៃកម្ពុជា
ភ្នំពេញ៖ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” មានចំនួន៣ទីតាំងរួមមាន «សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ស២១), មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣” ត្រូវបានគណ:កម្មាធិការបេតិកភណ្ឌពិភពលោក អនុម័តចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងបារីស សាធារណរដ្ឋបារាំង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
តើអ្វីទៅជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ស២១)?។គេហទំព័រសារមន្ទីរទួលស្លែងបានឱ្យដឹងថាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាបូជនីយដ្ឋាននៃការចងចាំពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីត “មន្ទីរសន្ដិសុខ២១ ឬស-២១” ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(សម័យខ្មែរក្រហម)។ អតីតមន្ទីរឃុំឃាំងនេះ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញដែលស្ងាត់ជ្រងំ ក្រោយខ្មែរក្រហមជម្លៀសប្រជាជនទាំងអស់ចេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
មន្ទីរស‑២១ ជាមណ្ឌលកណ្តាលដ៏ធំមួយនៃប្រព័ន្ធគុកនៅទូទាំងប្រទេស ហើយគុកនេះក៏ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកំទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះ។ ខ្មែរក្រហមចាប់យកអ្នកទោសមកឃុំឃាំងទាំងក្រុមគ្រួសារ ដោយផ្អែកលើគោលនយោបាយដាក់កំហុសជាប្រព័ន្ធ។ អ្នកទោសមួយចំនួនតូចត្រូវខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរស-២១ នៅក្រោមការគ្រប់គ្រងរបស់ខ្លួនចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយក្នុងចំណោមនោះមានតែជនរងគ្រោះ១២នាក់តែប៉ុណ្ណោះដែលមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញ។ ក្នុងចំណោមជនរងគ្រោះ១២នាក់មានកុមារ៤នាក់។
មន្ទីរឃុំឃាំងស-២១ មានបុគ្គលិកបម្រើការផ្ទាល់និងប្រយោលប្រមាណ១.៧២០នាក់។ បុគ្គលិកភាគច្រើន ជាកម្មករបម្រើការងារទូទៅដោយរាប់បញ្ចូលទាំងអ្នកដាំស្ល រីឯបុគ្គលិកមួយចំនួនទៀត បម្រើការផ្ទាល់នៅផ្នែករដ្ឋបាល យាមកាម និងសួរចម្លើយអ្នកទោស។
ក្រោយចូលមកដល់មន្ទីរស-២១ ខ្មែរក្រហមបង្ខំអ្នកទោសឲ្យថតរូប ផ្តល់ចម្លើយទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួន និងខ្សែបណ្ដាញ។ អ្នកទោសត្រូវនិយាយរៀបរាប់ពីជីវប្រវត្ដិលម្អិតពីកុមារភាពរហូតដល់ថ្ងៃចាប់ខ្លួន។ ឆ្មាំបង្ខំឱ្យអ្នកទោសដោះសំលៀកបំពាក់ និងដកហូតរបស់របរទាំងអស់ ទើបបញ្ចូនទៅបន្ទប់ឃុំឃាំង។ អ្នកទោសដែលជាប់ក្នុងបន្ទប់តូចៗ ត្រូវដាក់ច្រវ៉ាក់ជើងភ្ជាប់នឹងកម្រាលឥដ្ឋ។ ដោយឡែកអ្នកជាប់ក្នុងបន្ទប់ធំដែលគ្មានជញ្ជាំងខណ្ឌ ត្រូវដាក់ខ្នោះជើងវែងរួមគ្នា។ ខ្មែរក្រហមឲ្យអ្នកទោសដេកទិសផ្ទុយគ្នាដើម្បីទប់ស្កាត់ការលួចប្រាស្រ័យទាក់ទង និងហាមមិនឲ្យនិយាយទាក់ទងគ្នា។ អ្នកទោស ដេកផ្ទាល់លើកម្រាលឥដ្ឋ គ្មានកន្ទេល មុង ឬភួយដណ្តប់ឡើយ។ អ្នកទោសទាំងអស់ ត្រូវគោរពតាមបទបញ្ញត្ដិយ៉ាងតឹងរ៉ឹងបំផុត បើមិនដូច្នោះនឹងត្រូវទទួលទណ្ឌកម្មដោយវាយនឹងរំពាត់ ឬឆក់ខ្សែភ្លើង ហើយហាមមិនឲ្យស្រែកទោះរាងកាយឈឺចាប់ក៏ដោយ។ គ្រប់សកម្មភាពទាំងអស់របស់អ្នកទោស ទោះអង្គុយ ងាកខ្លួន ឬបន្ទោរបង់ ត្រូវសុំការអនុញ្ញាតពីឆ្មាំ។ អ្នកទោសមានជំងឺសើរស្បែកដែលបង្កដោយចៃនិងជំងឺធ្ងន់ធ្ងរផ្សេងៗ ត្បិតអ្នកទាំងនោះរស់នៅក្នុងបន្ទប់ឃុំឃំាងរួម គួបផ្សំនឹងខ្វះអនាម័យ។ រៀងរាល់ម៉ោង៤:៣០ព្រឹក ខ្មែរក្រហមឲ្យអ្នកទោសដោះសំលៀកបំពាក់ដើម្បីត្រួតពិនិត្យទូទៅ ក្រែងលោមានរបូតខ្នោះ ឬលាក់វត្ថុដែលអាចធ្វើអត្ដឃាតបាន។ ឆ្មាំបង្កើនការប្រុងប្រយ័ត្ន ក្នុងការត្រួតពិនិត្យខ្នោះនិងបន្ទប់ឃុំឃាំងជារៀងរាល់ថ្ងៃ ព្រោះកន្លងមកធ្លាប់មានអ្នកទោសមួយចំនួនសម្លាប់ខ្លួន។
អ្នកទោសនៅមន្ទីរស-២១ភាគច្រើនជាប់ចោទពីបទក្បត់បក្ស ឬក្បត់បដិវត្ដន៍ ឬជាជនបង្កប់ធ្លាប់ធ្វើការជាមួយទាហានក្បត់ដែលខ្មែរក្រហមចាប់ឃុំឃាំង។ ក្រោយការដឹកនាំមួយរយៈពេលវែង មេដឹកនាំខ្មែរក្រហមចាប់ផ្តើមសង្ស័យ និងបាត់បង់ជំនឿចិត្ដទៅលើជួរកម្មាភិបាល និងទាហានរបស់ខ្លួន។ ហេតុដូច្នេះទើបបុគ្គលិកមួយចំនួននៅមន្ទីរស-២១ ក្លាយទៅជាអ្នកទោសដោយជាប់ចោទពីបទខ្ជិលច្រអូសក្នុងការរៀបចំឯកសារ ធ្វើឲ្យខូចម៉ាស៊ីននិងសម្ភារៈផ្សេងៗ ឬវាយសួរចម្លើយអ្នកទោសរហូតដល់ស្លាប់ដោយគ្មានការអនុញ្ញាត។ អ្នកសួរចម្លើយនៅមន្ទីរស-២១ បង្ខំអ្នកទោសឲ្យសារភាពទៅតាមបទល្មើសផ្សេងៗដែលបានចោទប្រកាន់។ ជាទូទៅអ្នកទោស ពុំដឹងពីមូលហេតុនៃការចាប់ខ្លួនឡើយ ប៉ុន្តែខ្មែរក្រហមបង្ខំឲ្យសារភាពកំហុសតាមរយៈការធ្វើទារុណកម្ម។ ទម្រង់នៃការធ្វើទារុណកម្មមានជាអាទិ៍ការឆក់ខ្សែភ្លើង ការចាប់ជ្រមុជទឹក និងការចងដៃព្យួររួចទាញឡើងលើរហូតដល់សន្លប់។ ក្រោយផ្តល់ចម្លើយសារភាព អ្នកទោសត្រូវបញ្ចូលឈ្មោះទៅក្នុងបញ្ជីកំទេច។ ជនរងគ្រោះដែលរួចជីវិតបន្ទាប់ពីការធ្វើទារុណកម្មធ្ងន់ធ្ងរ ត្រូវយកទៅសម្លាប់ចោលនៅបរិវេណក្បែរមន្ទីរ ឬបញ្ចូនទៅវាលពិឃាតជើងឯកដែលស្ថិតនៅជាយក្រុង។ ជាញឹកញយខ្មែរក្រហមបង្ខំអ្នកទោសឲ្យជីករណ្ដៅកប់ខ្លួនឯង ឬសម្រាប់កប់អ្នកផ្សេងទៀត មុនពេលសម្លាប់ដោយឧបករណ៍ផ្សេងៗ។
ក្រោយពេលកងទ័ពចូលរំដោះទីក្រុង ឬក្រោយការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ មានជនរងគ្រោះចំនួន១២នាក់រួចផុតពីការសម្លាប់ ក្នុងនោះមានក្មេង៤នាក់ដែលប្រទះឃើញនៅក្នុងបរិវេណនៃមន្ទីរស-២១។ បច្ចុប្បន្នមានជនរងគ្រោះតែ៤នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិតរហូតមកដល់ឆ្នាំ២០១៦នេះរួមមាន លោក ជុំ ម៉ី លោក ប៊ូ ម៉េង និងអតីតកុមារពីររូបគឺ លោក នង ចាន់ផល និងប្អូនប្រុសឈ្មោះ នង ចាន់លី។ ដោយឡែកក្មេង២នាក់ទៀតមិនទទួលបានដំណឹងឡើយ បន្ទាប់ពីនាំយកទៅចិញ្ចឹមបីបាច់ក្នុងមណ្ឌលកុមារកំព្រាក្រោយសម័យខ្មែរក្រហមដួលរលំ។ តុលាការខ្មែរក្រហមដែលមានឈ្មោះកាត់ហៅថា អ.វ.ត.ក (អង្គជុំនុំជម្រះវិសមញ្ញក្នុងតុលាការកម្ពុជា) បានសម្រេចកាត់ទោសលោក កាំង ហ្កេកអ៊ាវ (ឌុច) អតីតប្រធានមន្ទីរស-២១ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្រា្គមកាលពីឆ្នាំ២០១០ ហើយបច្ចុប្បន្ន ឌុច ត្រូវតុលាការនេះកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ទន្ទឹមនឹងនោះតុលាការនេះ កំពុងដំណើរការកាត់ទោសមេដឹកនាំជាន់ខ្ពស់ផ្សេងទៀត ខណៈដែលមេដឹកនាំខ្លះបានស្លាប់បន្តបន្ទាប់ចាប់ពីឆ្នាំ១៩៧៩មក។ ការកែប្រែពីមណ្ឌលធ្វើទារុណកម្មទៅជាបូជនីយដ្ឋាននៃការចងចាំបន្ទាប់ពីកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមរំដោះទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៩ រដ្ឋាភិបាលថ្មីបានកែប្រែអតីតមន្ទីរស‑២១ ទៅជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ សារមន្ទីរនេះ ដើរតួនាទីជាបូជនីយដ្ឋាននៃការចងចាំដើម្បីរំឮកដល់ជនរងគ្រោះនៅមន្ទីរស‑២១។ ក្រោយការដួលរលំទីក្រុងភ្នំពេញនាដើមឆ្នាំ១៩៧៩ ឌុច (ប្រធានមន្ទីរស-២១) បានបញ្ជាឲ្យបិទគុក និងជម្លៀសអ្នកទោសទាំងអស់ចេញយ៉ាងតក់ក្រហល់មុនពេលរត់គេចខ្លួន។ ហេតុដូច្នេះទើប ឌុច មិនមានពេលគ្រប់គ្រាន់ដើម្បីបំផ្លាញឯកសារសំខាន់នានាដែលរក្សាទុកនៅក្នុងមន្ទីរឃុំឃាំងឡើយ។ បច្ចុប្បន្នឯកសារទាំងអស់ ក្លាយជាភស្ដុតាងបញ្ជាក់ពីអំពើឃោរឃៅរបស់ជនដៃដល់នាសម័យនោះ។ រូបគំនូរមួយចំនួនរបស់លោកតា វ៉ាន់ ណាត (១៩៤៦-២០១១) អតីតអ្នករស់រានមានជីវិតម្នាក់ពីមន្ទីរស-២១ដែលដាក់តាំងនៅសារមន្ទីរ បង្ហាញពីការធ្វើទារុណកម្ម និងស្ថានភាពទូទៅនៃការជាប់ឃុំតាមរយៈការរៀបរាប់របស់អ្នកដែលបានឃើញទិដ្ឋភាពផ្ទាល់។ ក្រៅពីរូបគំនូរ សារមន្ទីរមានដាក់តាំងរូបថតជនរងគ្រោះរាប់រយសន្លឹកបង្ហាញពីស្ថានភាពដែលអ្នកទាំងនោះទើបមកដល់មន្ទីរស-២១។ រូបថតទាំងនោះ មានសារៈសំខាន់ណាស់ចំពោះក្រុមគ្រួសារដែលស្វែងរកសាច់ញាតិបាត់បង់ជិវិតក្នុងសម័យខ្មែរក្រហម។ នាអំឡុងទសវត្សឆ្នាំ១៩៨០ សារមន្ទីរតម្លើងផែនទីប្រទេសកម្ពុជាពីលលាដ៍ក្បាលនិងឆ្អឹងមនុស្ស ប៉ុន្តែផែនទីនេះត្រូវបានរើចោលវិញក្នុងឆ្នាំ២០០២។ សារមន្ទីរយកឆ្នឹងទាំងនោះទៅតក្កល់ទុកលើធ្នើរឈើនិងសង់ចេតិយតូចមួយដើម្បីរំឮកដល់ជនរងគ្រោះទាំងអស់។
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងចងចាំពីព្រឹត្តិការណ៍នៃការសួរចម្លើយ និងឃុំឃាំងក្នុងមន្ទីរស‑២១ នាសម័យខ្មែរក្រហម។ សារមន្ទីរនេះ បានរក្សាទុក និងបង្ហាញភស្ដុតាងនៃព្រឹត្តិការណ៍សោកនាដកម្មក្នុងប្រវត្ដិសាស្រ្ដកម្ពុជា ដើម្បីឱ្យសាធារណជនសិក្សា ស្វែងយល់ ក្នុងបំណងជម្រុញ និងលើកទឹកចិត្តឱ្យពួកគេក្លាយទៅជាអ្នកផ្សព្វផ្សាយសារសន្តិភាព។
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស្ថិតនៅផ្លូវលេខ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកងក្រុងភ្នំពេញ។ ម៉ោងបើកចូលទស្សនា ភ្ញៀវអាចចូលទស្សនារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។ តម្លៃសំបុត្រសម្រាប់ប្រជាជនខ្មែរ ឥតគិតថ្លៃ សម្រាប់ជនបរទេស (អាយុពី ១០ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ) ៣ដុល្លារ (អាយុពី ១៨ឆ្នាំឡើង) ៥ដុល្លារសំបុត្រចូលទស្សនា មានលក់តែនៅបញ្ជរលក់សំបុត្រក្នុងសារមន្ទីរតែប៉ុណ្ណោះ។
សូមជម្រាបដែរថា កាលពីថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០០៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដានៅកម្ពុជា បណ្ណសារសារមន្ទីរទួលស្លែងត្រូវបានអនុម័តដាក់បញ្ចូលទៅក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប្រ៊ិដថោន ប្រទេសបារបាដូស៕
ដោយ៖មុនី
ប្រភព៖សារមន្ទីរទួលស្លែង



















