អ៊ីរ៉ង់ថា នឹងបន្តចរចានុយក្លេអ៊ែរ ជាមួយអាមេរិក បើសិនមានការធានាមិនវាយអ៊ីរ៉ង់ទៀត
តេហេរ៉ង់ ៖ ប្រមុខការទូតកំពូលអ៊ីរ៉ង់និយាយថា ប្រទេសរបស់ខ្លួនយល់ព្រមបន្តការចរចានុយក្លេអ៊ែរជាមួយអាមេរិកសាជាថ្មី បើសិនមានការធានាថា ការវាយប្រហារអ៊ីរ៉ង់នឹងមិនកើតឡើងម្តងទៀតដាច់ខាត។
ដោយសំដៅដល់ការទម្លាក់គ្រាប់បែករយៈពេល ១២ថ្ងៃរបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ និងការវាយប្រហាររបស់អាមេរិកនៅថ្ងៃទី២២ ខែមិថុនា, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានសង្កត់ធ្ងន់ថា ប្រសិនបើអាមេរិក និងប្រទេសដទៃចង់បន្តកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ជាដំបូង ពួកគេគួរតែធានាយ៉ាងម៉ឺងម៉ាត់ថា សកម្មភាពបែបនេះនឹងមិនកើតឡើងម្តងទៀតដាច់ខាត។
បន្ទាប់ពីការវាយប្រហារខាងលើនេះ អ៊ីរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។
លោក Araghchi និយាយថា ហានិភ័យនៃការរីកសាយភាយសារធាតុវិទ្យុសកម្ម និងការផ្ទុះគ្រាប់រំសេវដែលនៅសេសសល់ពីសង្គ្រាម នៅក្នុងទីតាំងនុយក្លេអ៊ែរដែលរងការវាយប្រហារ គឺធ្ងន់ធ្ងរខ្លាំងណាស់។
លោក Araghchi វ័យ៦២ឆ្នាំរូបនេះ ក៏បាន បញ្ជាក់ ឡើងវិញ ពី ជំហរ របស់ អ៊ីរ៉ង់ ចំពោះតម្រូវការបន្តចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូម នៅក្នុងប្រទេសរបស់លោក។ យ៉ាងណា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានជាច្រើនលើកច្រើនសារថា អាមេរិកនឹងមិនអនុញ្ញាតឲ្យរឿងនេះកើតឡើងបានទេ៕
ប្រភព ៖ AP ប្រែសម្រួល ៖ ឈឹម ទីណា