អ្នកចង ត្រូវតែជាអ្នកស្រាយ៖ ថៃបិទព្រំដែនជាឯកតោភាគី ,ថៃក៏ត្រូវបើកមុនជាឯកតោភាគី
ភ្នំពេញ៖ ប្រទេសថៃបានសម្រេចការបិទច្រកព្រំដែនជាឯកតោភាគី មិនបានជូនដំណឹង និងក៏មិនបានពិភាក្សាជាមួយព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាដែលជ្រើសរើសយកសន្តិភាពនិងការអនុវត្តច្បាប់អន្តរជាតិ គ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការបដិការចំពោះការបិទច្រកទ្វារព្រំដែនជាឯកតោភាគីរបស់ថៃឡើយ។ ខាងក្រោមនេះជាកាលប្បវត្តិមួយចំនួនដែលបង្ហាញពីការសម្រេចបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ។

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥៖ ក្រោយពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ, រដ្ឋាភិបាលថៃបានប្រគល់សិទ្ធិអំណាចទៅកងទ័ពរបស់ខ្លួនក្នុងការគ្រប់គ្រងច្រកព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជាដោយក្នុងនោះរួមទាំងវិធានការនៃការរិតបន្តឹងការធ្វើដំណើរជាដើម។
ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥៖ កងទ័ពថៃនៅភូមិភាគ២ ក្រោយពីទទួលសិទ្ធិអំណាចបានសម្រេចបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយគ្មានការព្រាងទុក និងមិនបានជូនដំណឹងដល់ភាគីកម្ពុជាដែលបង្កើតឱ្យមានការភ្ញាក់ផ្អើលខាងខ្លាំង ដោយបានរឹតត្បិតលើម៉ោងបើកច្រកនៅម៉ោង ៨ និងបិទនៅម៉ោង ៤ រសៀល។ ជាមួយគ្នានេះ នៅតាមច្រកព្រំដែនដទៃទៀតក៏បានកាត់បន្ថយពេលវេលាប្រតិបត្តិការដែររួមទាំងហាមឃាត់ការចេញចូលភ្ញៀវទេសចរ និងរថយន្តដឹកទំនិញ។
ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥៖ រាជរដ្ឋាភិបាលកម្ពុជាបានឆ្លើយតបទៅនឹងការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃដោយបានកែសម្រួលពេលវេលានៃការបើកនិងបិទច្រកព្រំដែនដោយកំណត់បើកម៉ោង ៩ និងបិទម៉ោង ៤ រសៀល
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥៖ នាយករដ្ឋមន្ត្រីថៃ ផៃថងថាន ស៊ីណាវ៉ាត្រា នៅក្នុងដំណើរទស្សនកិច្ចនៅយោធភូមិភាគទី២ នាយករដ្ឋមន្ត្រីថៃ ផៃថងថាន ក៏បានថ្លែងបញ្ជាក់ជាសាធារណៈនិងបានបញ្ជាឱ្យមេភូមិភាគ២ ថៃសម្រេចក្នុងការបើកឬបិទព្រំដែន
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥៖ កងទ័ពថៃបានសម្រេចបិទច្រកទ្វារព្រំដែនទាំងអស់ក្នុងខេត្តទាំង ៦ ជាមួយកម្ពុជា។ រាល់សកម្មភាពនៃការបិទច្រកទ្វារព្រំដែន គឺភាគីថៃបានសម្រេចធ្វើជាឯកតោភាគី ដោយឈរតែលើមូលដ្ឋានមួយប៉ុណ្ណោះដើម្បីពង្រឹងសន្តិសុខ ដោយមិនបានវាយតម្លៃពីផលប៉ះពាល់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន និងច្បាប់អន្តរជាតិឡើយ។
ក្រោយពីរងសម្ពាធពីពលរដ្ឋរបស់ខ្លួន និងការថ្កោលទោសពីអង្គការសង្គមស៊ីវិលនានាថាការបិទច្រកទ្វារព្រំដែនជាឯកតោភាគីជាមួយប្រទេសកម្ពុជារំលោភសិទ្ធិមនុស្សនិងរំលោភច្បាប់, រដ្ឋាភិបាលថៃ អាជ្ញាធរ តាមបណ្តាខេត្តជាប់ព្រំដែន និងកងទ័ព បានព្យាយាមប្រែក្រឡាស់សម្តីថាខ្លួនមិនមានគោលនយោបាយបិទច្រក ព្រំដែន ហើយកងទ័ពថៃបានប្រកាសថាខ្លួនមិនដែលបានបិទច្រកព្រំដែនទេ។ នាយករដ្ឋមន្ត្រីផៃថងថាន ថាបិទ ,អ្នកនាំពាក្យក្រសួងការបរទេស និងគណៈកម្មការចំពោះកិច្ចលើការងារព្រំដែនថៃកម្ពុជាថាព្រំដែននៅតែបើក។ នេះជាភាពមិនច្បាស់លាស់នៃគោលជំហរពិតប្រាកដរបស់រដ្ឋាភិបាលថៃ។
ឥឡូវនេះ បាល់នៅក្នុងដៃថៃហើយ! ថៃបានប្រកាសបិទព្រំដែនជាឯកតោភាគី ហើយថៃក៏ត្រូវបើកច្រកព្រំដែននៅលើទឹកដីរបស់ខ្លួនមុនជាឯកតោភាគី, កម្ពុជាតាមរយៈប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា បើសិនជាថៃបើកច្រកព្រំដែនវិញមុន កម្ពុជាក៏បើកព្រំដែនវិញដែរ ព្រោះភាគីថៃជាអ្នកបិទជាឯកតោភាគី។
ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រារព្ធនៅខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជ ចាំតែធ្វើតាមក្រោយភាគីថៃតែប៉ុណ្ណោះ ព្រោះថៃជាអ្នកបិទជាឯកតោភាគីមុន ដូច្នេះត្រូវបើកវិញជាឯកតោភាគី សិនទៅជាការស្រេច គឺពុំបាច់ចរចាអ្វីនោះទេ។ ពាក់ព័ន្ធនឹងការបិទ-បើកច្រកព្រំដែននេះ ដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនភាគីថៃ មិនព្រមបើកច្រកមុនទេ កុំនិយាយរឿងកិច្ចប្រជុំចរចាឱ្យសោះរួមមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ(RBC) ថ្នាក់តំបន់ជាដើម គឺកម្ពុជា មិនចរចាជាដាច់ខាត៕
ដោយ៖វណ្ណលុក
