គ្រូពេទ្យកម្ពុជានៅខេត្តព្រំដែន បានជួយសង្គ្រោះនិងព្យាបាលអ្នកជំងឺជនជាតិថៃ ដោយសុទ្ធចិត្ត
មន្ទាយមានជ័យ៖គ្រូពេទ្យកម្ពុជានៅខេត្តព្រំដែនបានជួយសង្គ្រោះនិងព្យាបាលអ្នកជំងឺជនជាតិថៃ ខណៈប្រទេសថៃមានពួកជ្រុលនិយមមួយចំនួនកំពុងញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ពិសេសចំពោះប្រជាពលរដ្ឋខ្មែរ ។នេះបើតាមការលើកឡើងរបស់ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យក្នុង ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី២២នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៥។

ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី២២ឆ្នាំ២០២៥ ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី២២ ឆ្នាំ២០២៥ បន្ទាប់ពីលោកវេជ្ជបណ្ឌិតឯកទេស គៀត ម៉េងហៀង ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តបន្ទាយ មានជ័យបានបង្ហាញពីលទ្ធផលលើការពង្រឹងការងារសេវាសុខភិបាលរួចមក លោកវេជ្ជបណ្ឌិត ឡេ ចន្ទ័សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា វេជ្ជបណ្ឌិតនិងគ្រូពេទ្យយើង ជាពិសេស មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកនៅក្រុងប៉ោយប៉ែតក៏ដូចបណ្ដាស្រុកព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានជួយសង្រ្គោះនិងព្យាបាលអ្នកជំងឺជនជាតិថៃទាំងជំងឺស្រាលនិងធ្ងន់ ខណៈដែលពួកគេមកស្នាក់នៅធ្វើការឬប្រកបមុខរបរ ក្នុងទឹកដីខេត្តបន្ទាយមានជ័យជាខេត្តព្រំដែនកម្ពុជា-ថៃ។

ដោយមិនបានបង្ហាញពីអត្តសញ្ញាណអ្នកជំងឺជនជាតិថៃទាំងនោះ លោកប្រធានមន្ទីរបានបន្តថា យើងព្យាបាលដោយសុទ្ធចិត្ត ដ្បិតពួកគេមិនហ៊ានត្រឡប់ទៅព្យាបាលជំងឺនៅប្រទសពួកគេដ្បិតពេលនេះមានពួកជ្រុលនិយមថៃបានញុះញង់ឱ្យមានការរើសអើងនឹងជាតិសាសន៍បរទេស ពិសេសរើសអើងប្រជាពលរដ្ឋខ្មែរ។

បន្ថែមពីលើនេះទាក់ទងនឹងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ លោកប្រធានមន្ទីរសុខាភិបាលខេត្តបានក្រើនរំលឹកដល់គ្រូពេទ្យបម្រើសេវាសុខាភិបាលរដ្ឋ និងឯកជនត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ។

ទន្ទឹមនេះលោកវេជ្ជបណ្ឌិត ឡេ ចន្ទ័សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជំងឺ សូមមកទទួលសេវាសុខភាពក្នុងស្រុក ។សូមមានជំនឿលើវិស័យសុខាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕
ដោយ៖ គៀន ច័ន្ទហ៊ីន

