អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ៖ ជាតិសាសន៍ខុសគ្នា សាសនាខុសគ្នា មិនមែនជាឧបសគ្គ សម្រាប់ការអភិវឌ្ឍជាតិទេ
អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ប្រធានក្រុមការងារចុះជួយឃុំពពេល ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ ឯកឧត្តម កែវ ពិសិដ្ឋ មានប្រសាសន៍ថា ជាតិសាសន៍ខុសគ្នា សាសនា ខុសគ្នា មិនមែនជាឧបសគ្គ សម្រាប់ការអភិវឌ្ឍប្រទេសជាតិសោះហើយ ហើយថា កម្ពុជា គឺ ជាឋានសួគ៌នៃសុខដុមនីយកម្មខាងសាសនា រហូតទទួលបានការកោតសរសើរពីអង្គការ សាសនាឥស្លាមពិភពលោក ហើយអង្គការមួយនេះព្រមទាំងបានអំពាវនាវឱ្យគ្រប់ប្រទេស ទាំងអស់ក្នុងពិភពលោកយកគំរូតាមកម្ពុជាថែមទៀតផង។
ឯកឧត្តម កែវ ពិសិដ្ឋ លើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុង ពិធីស្រាយបួសរ៉ាម៉ាទនប្រចាំថ្ងៃជាមួយសាសនិកឥស្លាមកម្ពុជានៅវិហារអាល់អាន់វើរ ស្ថិតក្នុង ភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៦ ឧសភា ដោយក្នុង ឱកាសនេះឯកឧត្តមក៏បានធ្វើការឧបត្ថម្ភដល់សាសនិកឥស្លាមនូវ ថវិកា គ្រឿងបរិភោគ ថ្នាំ ពេទ្យ ប្រេងកូឡាមួយចំនួន។ ដោយឡែកសមាគមសម្ព័ន្ធនារីឥស្លាមកម្ពុជាបានឧបត្ថម្ភនូវអាវ ថ្វាយបង្គំសម្រាប់ស្ត្រី មួកថ្វាយបង្គំសម្រាប់បុរស និងក្រមាថ្វាយបង្គំមួយចំនួនផងដែរ។
អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ឯកឧត្តម កែវ ពិសិដ្ឋ មានប្រសាសន៍ថា រាជរដ្ឋាភិ បាលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី មានទស្សនវិស័យច្បាស់ លាស់ និងប្រាកដនិយម ចំពោះការធ្វើឱ្យមានសុខដុមនីយកម្មក្នុងចំណោមសាសនាទាំងអស់ នៅកម្ពុជា និងយល់ឃើញ ជាតិសាសន៍ផ្សេងគ្នា សាសនាផ្សេងគ្នាថា មិនមែនជា ឧបសគ្គ ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ ហើយឆ្លើយតបទៅនឹងទស្សនាទាននេះ នៅកម្ពុជាគឺតែង មានការចូលរួមពីគ្រប់បណ្តាអ្នកកាន់សាសនាផ្សេងៗគ្នា ដើម្បីការអភិវឌ្ឍជាតិក្រោមដំបូលនៃ សុខសន្តិភាពដូចដែលយើងមាននាពេលបច្ចុប្បន្ននេះ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការបើកចំហរចំពោះជំនឿសាសនានៅកម្ពុជា មិនមែន ទើបតែមានក្នុងរយៈពេលចុងក្រោយនេះទេ ពោលគឺមានតាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកម្ល៉េះ ហើយបើនិយាយអំពីអ្នកមានជំនឿចំពោះព្រះពុទ្ធសាសនា និងអ្នកមានជំនឿ ចំពោះឥស្លាមសាសនាវិញ គឺក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ យើងបានរស់នៅដោយសុខ សាន្តជាមួយគ្នា និងធ្វើការអភិវឌ្ឍប្រទេសជាតិរួមគ្នាដោយការលំបាកជាមួយគ្នា ទំរាំងអាច សម្រេចបានសមិទ្ធផលដូចសព្វថ្ងៃនេះ។
សូមជម្រាបជូនថា៖ សាសនិកឥស្លាមកម្ពុជានៅទូទាំងប្រទេសតែងតែធ្វើពិធីបួសរ៉ាម៉ា ទន ប្រចាំឆ្នាំ ដែលជាពិធីតមអាហារ និងទឹក ហើយសូម្បីតែទឹកមាត់ក៏មិនអាចលេបបាន ពេញមួយថ្ងៃចាប់ពីមុនពេលថ្ងៃរះ ហើយរហូតដល់ថ្ងៃលិចទើបអាចទទួលទានអាហារ ទឹក និង អាចលេបទឹកមាត់បាន ដែលការបួសតមបែបនេះត្រូវធ្វើរយៈពេលពេញមួយខែ ក្នុងមួយឆ្នាំ ហើយបើតាមការបញ្ជាក់របស់អ្នកដឹកនាំសាសនាឥស្លាមបានឱ្យដឹងថា ការបួសតមអាហារ នេះធ្វើឡើងសម្រាប់តែមនុស្សដែលមានវ័យចាប់ពី ១៥ឆ្នាំឡើងទៅដែលមានសុខភាពល្អ តែ ចំពោះអ្នកឈឺ ស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅកូនដោយទឹកដោះ គឺមិនតម្រូវឱ្យបួសតមអា ហារនេះឡើយ តែពួកគាត់ត្រូវបរិច្ចាគចំណីអាហារទៅឱ្យអ្នកបួសដែលមានការខ្វះខាត សម្រាប់ទទួលទាននៅពេលស្រាយបួស ដើម្បីអាចទទួលបានបុណ្យពីពិធីបួសរ៉ាម៉ាទននេះ៕