ក្រុមហ៊ុនកែច្នៃកសិផលកសិកម្មចិន ចុះមកធ្វើការសិក្សាអំពីវិស័យកសិកម្មនៅខេត្តសៀមរាម ដោយ ផ្តោតទៅលើកសិផលកសិកម្មចំនួន៤មុខ

អត្ថបទដោយ៖
Kien Sereyvuth

លោកនាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តមទៀ សីហា គណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យលោកម៉ៃឆើល ហ្វូ នាយកក្រុមហ៊ុនកែច្នៃកសិផលកសិកម្ម  នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈសភាពាណិជ្ជកម្មខេត្តសៀមរាប ឧត្តរមានជ័យ   ជួបធ្វើកិច្ចពិភាក្សាការងារមួយចំនួនដោយផ្តោតទៅ លើផលិតផល   កសិផលនៅកម្ពុជា ។
លោកស៊ឹម រ៉ាស៊ី ប្រធានស្តីទីសភាពាណិជ្ជកម្មខេត្តសៀមរាប ឧត្តរមានជ័យ បានធ្វើការបញ្ជាក់អំពី ក្រុមហ៊ុនកែច្នៃកសិផល កសិកម្ម ដើមី្បជម្រុញការលើកស្ទួយវិស័យកសិកម្មកម្ពុជា សំខាន់នៅខេត្តសៀមរាប និង ការស្វែងរកនូវទីផ្សារកសិកម្ម ក្នុងការបង្កើនកម្រិតជីវភាពរបស់ប្រជាកសិករក្នុងខេត្ត ឲ្យបានកាន់តែល្អប្រសើរឡើង ។    លោកបន្តថា តាមរយៈសភាពាណិជ្ជកម្មខេត្តសៀមរាប បានធ្វើការទំនាក់ទំនងជាមួយអ្នកវិនិយោគចិន ចុះមកធ្វើការសិក្សាអំពីវិស័យកសិកម្ម សំខាន់គឺ ពាក់ព័ន្ធ នឹងការកែច្នៃកសិផលកសិកម្ម ក្នុងខេត្តសៀមរាប ដោយផ្តោតទៅលើកសិផលកសិកម្មចំនួន៤មុខ គឺ ស្រូវ , គ្រាប់ស្វាយចន្ទី ដំឡូងមី និងស្វាយកែវរមៀត ។  លោកក៏បានបញ្ជាក់ថា រាល់ការកែច្នៃកសិផលកសិកម្មនេះ និងផ្តល់នូវផលចំណេញជាច្រើនដល់កម្ពុជា ទាំងពេលវេលា តម្លៃទីផ្សារសម្រាប់ប្រជាកសិករ និងបង្កើនការងារដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ព្រមទាំងចូលរួមក្នុងការ កាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋទៀតផង  ។
លោក ម៉ៃឆើល ហ្វូ ក៏បានបញ្ជាក់ផងដែរថា ដើមី្បឲ្យការងារនេះបានដំណើរការទៅដោយជោគជ័យនោះ គឺត្រូវក្រុមហ៊ុនចុះធ្វើការសិក្សាស្រាវជ្រាវ អំពីទន្និន័យកសិផលកសិកម្មនៅក្នុងខេត្ត ដើមី្បធានាបាននូវការផ្គត់ផ្គង់ដល់ការផលិតកែច្នៃកសិផលទាំងនោះ ដោយគិតចាប់ពី១លានតោនឡើងទៅ ចំពោះកសិផលកសិកម្មទាំង៤មុខ ដែលបានលើកឡើងមកនេះ ។ លោកក៏បានឲ្យដឹងផងដែរថា ក្រៅពីការកែច្នៃកសិផលកសិកម្ម ក្រុមហ៊ុនក៏មានធ្វើការកែច្នៃសម្រាម ធ្វើជាថាមពល និងសម្ភារៈប្រើប្រាស់ដែលយកចេញពីកាកសំណល់ទាំងនោះ ហើយរាល់កាកសំណល់សល់ពីការកែច្នៃកសិផលទាំងនោះ ក្រុមហ៊ុនក៏យកទៅកែច្នៃជាថាមពលប្រើប្រាស់ផងដែរ ។ ក្នុងនោះលោកក៏បានលើកផងដែរ ចំពោះលទ្ធិផលអ្វីខ្លះ ដែលមាននៅ ក្នុងខេត្តសៀមរាប ដែលក្រុមហ៊ុនត្រូវយកមកធ្វើការកែច្នៃ ក្នុងការនាំចេញទៅក្រៅប្រទេស ហើយក្នុងនោះដែរក្រុមហ៊ុនក៏មានចំណាប់ អារម្មណ៍ ចំពោះទន្និផលស្រូវនៅកម្ពុជា នៅមានកម្រិតទាបក្នុងមួយហិចតា ។
លោក នាក់ ណេរ៉ុន ក៏បានធ្វើការគាំទ្រទៅលើគម្រោងសិក្សាស្វែងយល់ទៅលើទន្និន័យកសិផលកសិកម្មនៅខេត្តសៀមរាប របស់ក្រុមហ៊ុន ក្នុងការផលិតកែច្នៃនូវកសិផលកសិកម្មនៅកម្ពុជា សំខាន់ក្នុងខេត្តសៀមរាប ទៅលើកសិផលកសិកម្ម ទាំង៤មុខ  ។  លោកក៏បានបញ្ជាក់ជូនដល់ក្រុមហ៊ុនផងដែរថា   ការងារកសិកម្មនៅកម្ពុជា លើការងារបង្កបង្កើនផលដែលទទួលបាន ទន្និផលទាប ដោយប្រជាកសិករនៅកម្ពុជា នៅមានកម្រិតយល់ដឹងទាប ក្នុងការប្រើប្រាស់ជី និងជ្រើសរើសគ្រាប់ពូជ ព្រមទាំងមិនបានផ្លាស់ប្តូរនូវទន្លាប់ការធ្វើស្រែពីដូនតាឡើយ និងកង្វះនូវប្រព័ន្ធស្រោចស្រព ដោយធ្វើស្រែពឹងផ្អែកទឹកភ្លៀង  ។
លោកអភិបាលរងខេត្ត ក៏បានលើកនូវអនុសាស្ត្រមួយចំនួន ក្នុងការងារបង្កបង្កើនផល ក៏ដូចជាការដាំដុះដំណាំកសិកម្មរបស់ប្រជាកសិករ ព្រមទាំងបានលើកនូវសំណូមពរមួយចំនួន ដល់ក្រុមហ៊ុនកែច្នៃកសិផលកសិកម្ម  ជួយធ្វើការបណ្តុះបណ្តាលពីបច្ចេកទេស ការងារកសិកម្មដល់ប្រជាកសិករក្នុងការផលិតឲ្យបានត្រឹមត្រូវ ទៅតាមស្តង់ដារបស់ក្រុមហ៊ុន ក្នុងគោលដៅផ្តល់នូវផលប្រយោជន៍ទាំងអស់គ្នា ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner