សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កិច្ចការពារជាតិ គឺជាអាទិភាព​មួយ​ក្នុងចំណោមអាទិភាពទាំងឡាយ ដែលរាជរដ្ឋាភិបាលតែងតែគិតគូរយកចិត្តទុកដាក់

(កំពង់ឆ្នាំង)៖ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កិច្ចការពារជាតិ គឺជាអាទិភាព​មួយ​ក្នុងចំណោមអាទិភាពទាំងឡាយ ដែលរាជរដ្ឋាភិបាល តែងតែគិតគូរយកចិត្តទុកដាក់ ដើម្បីធានាឱ្យសន្តិភាព សន្តិសុខ ស្ថិរភាព និង លើកតម្កើងកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ។

សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើក ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។

សម្តេចធិបតី បានថ្លែងថា ប្រទេសកម្ពុជា ធ្លាប់បានទទួលរងការឈ្លានពានពីបរទេស សង្គ្រាម ជាច្រើនទសវត្សរ៍ និង អំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើល​ងាយពីអតីតកាល។ បច្ចុប្បន្ននេះ កម្ពុជា បានងើបឈរឡើងវិញប្រកបដោយ​ភាពស្មើមុខ ស្មើមាត់ ជាមួយបណ្ដាប្រទេសទាំងក្នុងតំបន់ និងពិភពលោក ។

សម្តេច បន្តថា កម្ពុជា ត្រូវការបំផុតនូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ កម្ពុជា គ្មាននយោបាយ និងជំហរអមិត្តជាមួយប្រជាជាតិណាមួយឡើយ ប៉ុន្តែសកម្មភាព វាយប្រហារខុសច្បាប់ដោយកងទ័ពថៃ ​មកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា ។

សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងអំពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាកម្ពុជា មានសុឆន្ទៈ ក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្តី ។ ដូច្នេះ រាជរដ្ឋាភិបាល នៅតែប្រកាន់ជំហរម៉ឺងម៉ាត់ ច្បាស់លាស់ ក្នុងការយក​បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

សម្តេចធិបតី បានយកឱកាសនេះរំលឹកថា កម្ពុជា បានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស។ កម្ពុជា ប្ដូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុក បន្ទាប់ពីសម័យអាណានិគមនិយម ឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរ មិនឱ្យបាត់បង់ សូម្បីតែមួយចំណែកតូចណាក្តី ។

សម្តេចក៏បានថ្លែងបញ្ជាក់ជាថ្មីថា កម្ពុជា មិនបោះបង់ការចរចាទ្វេភាគី ជាមួយប្រទេសថៃនោះឡើយ ប៉ុន្តែតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ មិនអាចដោះស្រាយតាមយន្តការទ្វេភាគីនោះឡើយ ។ តំបន់ទាំង៤នេះ មិនអាចដោះស្រាយទ្វេភាគីនោះឡើយ ព្រោះភាគីថៃ ប្រកាន់ជំហរយកដីនោះទាំងបំពាន សូម្បីជាមួយហ្គូហ្គលក៏ឈ្លោះ ដូច្នេះ មានតែប្តឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីភាពច្បាស់លាស់ កុំឱ្យបញ្ហាបន្តដល់កូនចៅជំនាន់ក្រោយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ជំហររបស់កម្ពុជា មិនដកថយនោះឡើយ ចំពោះតំបន់ទាំង៤ គឺកម្ពុជា នៅតែប្រើយន្តការអន្តរជាតិ ហើយសង្ឃឹមថា ថៃ នឹងមិនចង់ទុកឱ្យបញ្ហានេះ បន្តទៅដល់អ្នកជំនាន់ក្រោយទៀតនោះទេ ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងពីការបញ្ហាព្រំដែនដែរថា ការបើកច្រកព្រំដែន មិនលំបាកនោះទេ កូនសោស្ថិតលើដៃរបស់ថៃ ។ សម្តេច ផ្តល់លក្ខខណ្ឌបី សម្រាប់ការបើកព្រំដែននេះ រួមមាន៖ ១៖ ថៃប្រកាសបើកមុន ហើយមិនបិទជាឯកតោភាគីជាថ្មី, ២៖ បើកគ្រប់ច្រក មិនមែនបើកខ្លះ បិទខ្លះនោះទេ, ៣៖ បើកឱ្យដូចមុនថ្ងៃទី៧ ខែមិថុនា ។

សម្តេចធិបតី បានថ្លែងបញ្ជាក់ថា កម្ពុជា មិនមែនជាអ្នកបង្កបញ្ហានោះឡើយ ហើយកូនសោដោះស្រាយបញ្ហា គឺស្ថិតនៅលើដៃរបស់ថៃ ។

សម្តេចនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងដោយសង្កត់ធ្ងន់ថា កម្ពុជា រក្សាសិទ្ធិប្រើគ្រប់មធ្យោបាយ ក្នុងការការពារបូរណភាពទឹកដី ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner