កម្ពុជាធ្វើម្ចាស់ផ្ទះនៃលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ានឆ្នាំ២០២៥

ភ្នំពេញ៖លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន​សម្រាប់ឆ្នាំ ២០២៥ រយៈពេលបីថ្ងៃ​នឹងប្រារព្ធនៅថ្ងៃទី២២ ខែកក្កដាខាងមុខ​នៅបញ្ជាការដ្ឋានទ័ពពិសេស ៩១១ រាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥បានឱ្យដឹងថា ក្រោមកិច្ចសហការ​ជាមួយ មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់​ជំនួយ​មនុស្សធម៌​ក្នុងការគ្រប់គ្រងគ្រោះ មហន្តរាយ (មជ្ឈមណ្ឌល-អាហា) គណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងរៀប​ចំ​លំហាត់សមយុទ្ធឆ្លើយតប គ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន សម្រាប់ឆ្នាំ ២០២៥ (ARDEX-25) ចាប់ពី​ថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក រាជធានីភ្នំពេញ។

ARDEX-25 ជាលំហាត់សមយុទ្ធពេញលេញ ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីធ្វើតេស្តសាកល្បង និង វាយតម្លៃយន្តការត្រៀមបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយរបស់អាស៊ាន ដោយរួមបញ្ចូលដំណើរការ ត្រៀមរៀបចំ ការរុករកនិងសង្គ្រោះ ការប៉ាន់ប្រមាណផលប៉ះពាល់ និងយុទ្ធសាស្ត្រឆ្លើយតបបន្ទាន់កម្រិតំប្រទេសដែល ផ្សារភ្ជាប់នឹងអាស៊ាន ក្នុងគោលបំណងសង្គ្រោះអាយុជីវិតជនរងគ្រោះដោយគ្រោះមហន្តរាយ តាមរយៈការរុករក​និងសង្គ្រោះ ការផ្តល់នូវសេវាសុខាភិបាល ការផ្តល់ជម្រកស្នាក់នៅបណ្ដោះអាសន្ន ការផ្តល់ស្បៀងអាហារ និងអនាម័យទឹកស្អាត ជា ដើម។

លំហាត់សមយុទ្ធនេះក៏នឹងរួមបញ្ចូលការធ្វើតេស្តសាកល្បងនីតិវិធីប្រតិបត្តិស្តង់ដាអាស៊ានសម្រាប់ការត្រៀមរៀបចំ ក្នុងតំបន់ (SASOP) និងលក្ខខណ្ឌការងាររបស់អគ្គលេខាធិការអាស៊ានក្នុងនាមជាអ្នកសម្របសម្រួលជំនួយមនុស្ស​ធម៌ អាស៊ានផងដែរ។ វិធានដែលនឹងត្រូវប្រើប្រាស់សម្រាប់ ARDEX-25 រួមមាន់៖ លំហាត់លើតុ (TTX) លំហាត់​ប៉ុស្តិ៍បញ្ហាការ (CPX) និងលំហាត់ហ្វឹកហ្វឺននៅទីវាល (FTX)។

លំហាត់សមយុទ្ធនេះ មានការចូលរួមពី ប្រទេសជាសមាជិកអាស៊ាន ប្រទេសទីម័រឡេស្ត ដៃគូសន្ទនាអាស៊ាន អគ្គលេខាធិការអាស៊ាន នាយកប្រតិបត្តិមជ្ឈមណ្ឌល-អាហា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធា​បរទេសប្រចាំ ព្រះរាជាណាចក្រកម្ពុជា ក្រសួងស្ថាប័នជំនាញ កងប្រតិបត្តិការរុករក និងសង្គ្រោះ អភិបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារ សហប្រជាជាតិ អង្គការអន្តរជាតិ និងវិស័យឯកជន សរុបប្រមាណ ៦៥០នាក់។

ពិធីបើកលំហាត់សមយុទ្ធ នឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែកក្កដា នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ព ជើងគោក ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. និងជា ប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ។
ពិធីបិទលំហាត់សមយុទ្ធ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ព ជើងគោក ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner