អណ្តើកសមុទ្រប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ ត្រូវបានប្រទះឃើញឡើងមកទំលាក់ពងកូន នៅលើកោះពូលូវ៉ៃរបស់កម្ពុជា

(ភ្នំពេញ)៖ ប្រភេទសត្វអណ្តើកសមុទ្រ និងជាប្រភេទសត្វកម្រ ដែលកំពុងទទួលរងគ្រោះថ្នាក់ផងនោះត្រូវបានគេប្រទះឃើញឡើងមកទំលាក់ពងកូន នៅលើកោះពូលូវ៉ៃ ខេត្ត ព្រះសីហនុ របស់កម្ពុជា។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ណ និង នេសាទបានឱ្យដឹងថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ អ្នកស្ម័គ្រចិត្តដើររកសំបុកអណ្តើក មកពីគម្រោងអភិរក្សសត្វអណ្តើកសមុទ្រ បានប្រទះឃើញអណ្តើកសមុទ្រញីពេញវ័យប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ បានឡើងមករកទំលាក់ពងកូន នៅលើឆ្នេរកោះពូលូវ៉ៃ ភាគនិរតីនៃប្រទេសកម្ពុជា។ អណ្តើកនេះត្រូវកិបស្លាកដោយសុវត្ថិភាព ពីសំណាក់អ្នកស្ម័គ្រចិត្តដែលបានទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់ មុនពេលលែងចូលទៅក្នុងសមុទ្រវិញ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ពោលគឺនៅក្នុងឆ្នាំ២០២៤ អ្នកស្ម័គ្រចិត្តដើរសំបុកអណ្ដើកក៏បានប្រទះឃើញអណ្តើកប្រភេទនេះ នៅលើកោះដាច់ស្រយាលនេះផងដែរ។ ការប្រទះឃើញវត្តមានអណ្ដើកប្រភេទកម្រនិងកំពុងរងគ្រោះថ្នាក់ជាបន្តបន្ទាប់នេះ គឺជាក្តីសង្ឃឹមដ៏ធំមួយដែលបង្ហាញអំពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការពារអណ្តើកសមុទ្រដ៏មានតម្លៃទាំងនេះ។

អណ្តើកសមុទ្រប្រភេទល្មិច (Chelonia mydas) កំពុងទទួលរងការគម្រាមកំហែងពីការនេសាទលើសកម្រិត ការនេសាទបានដោយចៃដន្យ ការបាត់បង់ទីជម្រក ការបំពុល និងបម្រែបម្រួលអាកាសធាតុ។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០២២ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការយ៉ាងជិតស្និទ្ធជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ បាននិងកំពុងធ្វើការ អប់រំផ្សព្វផ្សាយអំពីសារ:សំខាន់នៃការអភិរក្សអណ្តើកសមុទ្រកម្ពុជា តាមរយ:ការរៀបចំសិក្ខាសាលាអប់រំ និងការល្បាតជាប្រចាំនៅលើកោះដាច់ស្រយាល៣សំខាន់ៗ រួមមានកោះពូលូវ៉ៃ កោះតាង និងកោះព្រីង៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner