ក្រុមហ៊ុនជីប៊ីអាយ អិនធើណេសិនណល អិនវេសមិន បានរៀបចំដីជាង២ពាន់ហិកតា នៅខេត្តកំពង់ធំ សម្រាប់ធ្វើការដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក He Jianping ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប៊ីអាយ អិនធើណេសិនណល អិនវេសមិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែល្អប្រសើរ និងមានភាពទូលំទូលាយថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានជម្រាបថា ចំណងមិត្តភាពយ៉ាងជិតស្និទ្ធរវាងកម្ពុជា-ចិន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យសម្រាប់ប្រទេសកម្ពុជា ដោយភាគីចិន បានដើរតួយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងការផ្តល់ហិរញ្ញប្បទាន និងបច្ចេកទេសមកដល់កម្ពុជា។ មួយវិញទៀតពាក់ព័ន្ធនឹងវិស័យកសិកម្ម ភាគីចិន ក៏បាននិងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយភាគីកម្ពុជាផងដែរ ដោយភាគីចិន បានឯកភាពបង្កើនកូតានាំចូលអង្ករកម្ពុជារហូតដល់៤០០ពាន់តោន និងថ្មីៗនេះបានអនុញ្ញាតឱ្យចេកអំបូងលឿងកម្ពុជាធ្វើការនាំចេញឆ្ពោះត្រង់ទៅកាន់ទីផ្សារចិន ហើយសង្ឃឹមថា ផលិតផលកសិកម្មមួយចំនួនទៀតដូចជាស្វាយ ផ្លែមៀន ម្រេច ផ្លែស្រកានាគ ផ្លែដូង និងទឹកមាត់ត្រចៀកកាំ ដែលភាគីទាំងពីរកំពុងធ្វើការចរចាអំពីលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងភូតគាមអនាម័យ នឹងអាចធ្វើការនាំចេញក្នុងពេលឆាប់ៗខាងមុខនេះ។
ទន្ទឹមនឹងនេះ ចំនួននៃការវិនិយោគពីក្រុមហ៊ុនចិន មកលើវិស័យកសិកម្មនៅកម្ពុជា ក៏បាននិងកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដូច្នេះឯកឧត្តមរដ្ឋមន្ត្រីគាំទ្រ និងស្វាគមន៍ចំពោះបំណង និងផែនការវិនិយោគរបស់ក្រុមហ៊ុនមកលើវិស័យនេះ ដោយត្រូវសំដៅលើការកែច្នៃ វេចខ្ចប់វត្ថុធាតុដើមដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។
លោក He Jianping បានឱ្យដឹងពីជំនួបនេះ គឺផ្តោតសំខាន់ទៅលើបំណង និងផែនការវិនិយោគរបស់ក្រុមហ៊ុនក្នុងការកែច្នៃ វេចខ្ចប់ ពិសេសការបំពេញខ្សែសង្វាក់ផលិតកម្មកសិកម្មពីចំណុចផ្តើម រហូតដល់ការនាំចេញតែម្តង ហើយអ្វីដែលសំខាន់នោះ ការធ្វើពាណិជ្ជកម្ម និងទីផ្សារកសិផល គឺតាមរយៈប្រព័ន្ធអ៊ីនធើណិតដែលអាចកាត់បន្ថយពេលវេលា ការចំណាយ និងបង្កើនភាពទូលំទូលាយជូនគ្រប់ភាគីពាក់ព័ន្ធ។
លោកប្រធានក៏បានបញ្ជាក់ផងដែរថា ដើម្បីឱ្យផែនការវិនិយោគរបស់ក្រុមហ៊ុនទទួលបានជោគជ័យ ក្រុមហ៊ុនបានរៀបចំដីជាង២ពាន់ហិកតា នៅខេត្តកំពង់ធំ សម្រាប់ធ្វើការដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដូចជាអង្ករ ស្វាយ ស្វាយចន្ទីជាដើម។ គម្រោងនេះ ក៏ទទួលបានការសហការគាំទ្រពីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ លោកប្រធានបានអរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយក្រុមហ៊ុនដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន៕ធ.ដ