មិនឱ្យចាញ់ត្រើយខាងកើត ផ្លូវបេតុងថ្មីនៅត្រើយខាងលិចព្រែកកំពង់បាយ នឹងលេចចេញជារូបរាងឆាប់ៗ
កំពត៖រដ្ឋបាលខេត្តកំពតគ្រោងនឹងសាងសង់ផ្លូវបេតុងមួយខ្សែថ្មីនៅត្រើយខាងលិចព្រែកកំពង់បាយ ខេត្តកំពតនាពេលឆាប់ៗខាងមុខ។ជាមួយនឹងការសង់ផ្លូវបេតុងនេះដែរ ក៏មានការរៀបចំឆ្នេរដោយក្រាលការ៉ូមាប ចាប់ពីស្ពានរថភ្លើងរហូតដល់នាឡិកាយក្សទៀតផង។

គ្រោងការធ្វើផ្លូវបេតុងមួយខ្សែថ្មីបានបង្ហើបឱ្យដឹងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៥ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។នៅចំពោះវត្តមានឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ដើម្បីលើកកម្ពស់សោភណភាពក្រុងកំពត ឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរ និងដើម្បីបម្រើប្រយោជន៍សាធារណៈរដ្ឋបាលខេត្ត នឹងចាប់ផ្តើមធ្វើការអភិវឌ្ឍន៍ឆ្នេរព្រែកកំពង់បាយត្រើយខាងលិច ដោយស្ថាបនាជាផ្លូវបេតុងចាប់ពីចំណុចគល់រថភ្លើង រហូតដល់នាឡិកាយក្ស ស្ថិតក្នុងទឹកដីភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

ទន្ទឹមនោះដែររដ្ឋបាលខេត្តក៏បានត្រៀមរៀបចំដោះដូរទីតាំងថ្មីជូនពលរដ្ឋដែលរស់នៅចាប់ពីគល់ស្ពានត្រើយកោះ រហូតដល់នាឡិកាយក្សផងដែរ។តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ដែលបានឯកភាពគ្នាជាមួយរដ្ឋបាលក្រុង-ខេត្ត សូមរៀបចំបង្ខិតរបង រុះរើសំណង់ផ្សេងៗដែលប៉ពាល់ដល់ស្ថាបនាផ្លូវឱ្យបានលឿនបំផុតទៅតាមដែលអាចធ្វើបាន ព្រោះការស្ថាបផ្លូវនេះនឹងចាប់ផ្តើមនៅពេលដ៏ខ្លីខាងមុខ។

ពាក់ព័ន្ធនឹងការអភិវឌ្ឍនេះដែរ ឯកឧត្តមអភិបាលខេត្តបានគូសរំលេចថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចតែងតែគិតគូរជានិច្ចចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ពិសេសសម្តេចធិបតីបានដាក់ចេញនូវគោលនយោបាយ ក៏ដូចជាកិច្ចចង្អុលការដោយផ្ទាល់មកកាន់អភិបាលរាជធានី-ខេត្តទាំងអស់ ពិសេសខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ត្រូវរៀបចំកែច្នៃ ក៏ដូចជាបង្កើតនូវសមិទ្ធផលទេសចរណ៍ថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងន័យដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕
ដោយ៖ សិលា សារិន

