អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់អំពីករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំនៅរសៀលថ្ងៃនេះ

ភ្នំពេញ៖លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​ក្រសួងការពារជាតិ បានផ្តល់ការបកស្រាយបំភ្លឺពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យ​សម្តីនៅប្រាសាទតាមាន់ធំ រវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃ នៅរសៀល​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

លើទំព័ហ្វេសប៊ុកក្រសួងនៅព្រលប់ថ្ងៃនេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:២០នាទីដោយ​សារ​អាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរ​ជើង​នៅច្រកទ្វារចូល​ប្រាសាទ​តាមាន់ធំ ស្ត្រីជាជនជាតិខ្មែរក៏មិនសប្បាយចិត្ត នាំទៅដល់ការភាន់ច្រឡំ និងការប៉ះ​ទង្គិច​ពាក្យសម្តី ហើយទាហានថៃនោះក៏បានហាមឃាត់មិនឱ្យស្ត្រីជា​ជន​ជាតិខ្មែរឡើងទៅប្រាសាទ។

ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជា និងទាហានថៃជាច្រើននាក់​ដែលកំពុងឈរជើងនៅប្រាសាទ ក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិន​មានប្រដាប់ដោយអាវុធអ្វីនោះទេ។ ភ្លាមៗនោះ មេបញ្ជាការនៃ​ទាហាន​ទាំង​សងខាងក៏បានពិភាក្សាដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះ ស្ថានភាព​នៅប្រាសាទតាមាន់ធំមាន​សភាពស្ងប់ស្ងាត់ជាធម្មតា មិនប៉ះពាល់ទៅដល់ការ​ទៅទស្សនារបស់ប្រជាពលរដ្ឋនោះឡើយ។

អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលទៅ​ទស្សនាប្រាសាទ រក្សានូវភាពអត់ធ្មត់ ការអត់ឱន សេចក្តីថ្លៃថ្នូរ និងការគោរពគ្នា​ទៅវិញទៅមក ដើម្បីធានាបរិយាកាសអំណោយផលដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ៕
ដោយ៖មុនី
រូបថត៖ក្រសួងការពារជាតិ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner