សាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។

ក្នុងជំនួបនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល ឯកឧត្តមបាន បញ្ចប់បេសកកម្មការទូត នៅកម្ពុជា ។

ឯកឧត្តមបានចាត់ទុកពេលវេលានៃការបំពេញបេសកកម្មការទូតនៅកម្ពុជា ជាពេលវេលាដ៏មានតម្លៃបំផុតក្នុងជីវិតការងាររបស់ឯកឧត្តម និងមានមោទនភាពដែលបានចូលរួមចំណែកដល់ការពង្រឹង និង ពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ កូរ៉េ-កម្ពុជា ដែលបានប្រែក្លាយជាដៃគូយ៉ាងជិតស្និទ្ធ ចាប់តាំងពីការបង្កើតចំណងការទូត រវាងប្រទេសទាំងពីរ នៅឆ្នាំ១៩៩៧ រហូតដល់ការដំឡើងកម្រិតទំនាក់ទំនង ទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” កាលពីឆ្នាំ២០២៤ កន្លងទៅ។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យ៖ ពាណិជ្ជកម្ម, ធុរកិច្ច និង វិនិយោគ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ ដល់បេសកកម្មរបស់ឯកឧត្តមឱ្យទទួលបានជោគជ័យ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន រឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្តែងការអបអរសាទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ។

សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបស់ឯកឧត្តម ដែលបានខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។

សម្ដេចបវរធិបតីក៏បានរំឭកពីលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចទៅកាន់សាធារណរដ្ឋកូរ៉េកាលពីឆ្នាំ២០២៤ កន្លងទៅ ដែលតាមរយៈដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា និងកូរ៉េនៅមានសក្ដានុពលជាច្រើនដែលត្រូវពង្រីកបន្ថែម ហើយសម្តេចមានសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងត្រូវបានបន្តពូនជ្រំឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner