ផ្តើមពីទីក្រុងហាណូយ វៀតណាមនឹងឈប់ឲ្យជិះម៉ូតូចាក់សាំងទៀតហើយ
ហាណូយ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃទី១៥ ខែកក្កដាថា ប្រទេសវៀតណាមនឹងហាមឃាត់ម៉ូតូចាក់សាំង ឬ ប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនៅចំកណ្តាលបេះដូងរដ្ឋធានីហាណូយ ចាប់ពីខែកក្កដា ឆ្នាំ២០២៦ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេស ដើម្បីទប់ស្កាត់ការបំពុលបរិយាកាស។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចេញសេចក្តីណែនាំឱ្យមានការអនុវត្តវិធានការ មិនអនុញ្ញាតឱ្យប្រើប្រាស់ម៉ូតូចាក់សាំងតទៅទៀត ចំពោះតំបន់ខាងក្នុង និងតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងធំៗ ដែលព័ទ្ធជុំវិញកណ្តាលរដ្ឋធានីហាណូយ។

ទន្ទឹមគ្នា អាជ្ញាធរមូលដ្ឋាននឹងទទួលភារកិច្ចឱ្យចាត់វិធានការបញ្ឈប់កុំឱ្យមានអ្នកប្រើប្រាស់ម៉ូតូ តាមពេលវេលាកំណត់របស់រដ្ឋាភិបាល។ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ប្រជាជនកំពុងប្រើប្រាស់ម៉ូតូ ចំនួនប្រមាណ ៧លានគ្រឿង និងរថយន្តជាង១លានគ្រឿង។
នៅពេលប្រជាជនមានប្រាក់ចំណូលកើនឡើង ភាគច្រើនប្តូរទៅប្រើប្រាស់យានយន្តឯកជនផ្ទាល់ខ្លួន ជំនួសការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈរួម។ ដូច្នេះការបំពុលខ្យល់ដោយសារការធ្វើដំណើរ និងការស្ទះចរាចរណ៍ បានក្លាយជាក្តីកង្វល់កាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាល។ តួយ៉ាង ទីក្រុងហាណូយ ជារឿយៗត្រូវបានគ្របដណ្ដប់ ដោយផ្សែងអ័ព្ទដ៏ក្រាស់ ដែលជាប់ចំណាត់ថ្នាក់ ក្នុងចំណោមទីក្រុង ដែលមានការបំពុលខ្លាំងបំផុត នៅទូទាំងពិភពលោក។
សម្រាប់ដំណាក់បន្ទាប់ រដ្ឋាភិបាលវៀតណាម គ្រោងនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៨ ដើម្បីពង្រីកការហាមប្រាមមិនឱ្យប្រើប្រាស់ម៉ូតូចាក់សាំងទៅកាន់តំបន់ផ្សេងទៀតកាន់តែទូលំទូលាយ និងរួមបញ្ចូលវិធានការច្បាប់ ចំពោះរាល់មធ្យោបាយដឹកជញ្ជូនដោយម៉ូតូដែលចាក់សាំង ហើយក៏នឹងមានការដាក់កម្រិតលើឡានដែលប្រើសាំងមួយចំនួនផងដែរ។
វិធានការផ្សេងទៀត រួមមានការធ្វើឱ្យប្រសើរឡើងនូវរោងចក្រកែច្នៃកាកសំណល់ ការប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីតាមដានការបំពុល និងការណែនាំ ព្រមទាំងការពិន័យកាន់តែតឹងរ៉ឹង សម្រាប់អ្នកបំពាន។ អ្នកផ្តល់ព័ត៌មានអាចទទួលបានរង្វាន់ សម្រាប់ការរាយការណ៍អំពីការបំពានបរិស្ថាន។
គួរកត់សម្គាល់ វៀតណាមមានផែនការផ្លាស់ប្តូរពីយាយន្តដំណើរដើរដោយឥន្ធនៈហ្វូស៊ីល ទៅជាឡានអគ្គិសនី ដើម្បីកាត់បន្ថយការបំពុល និងដោះស្រាយការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ក្រុមហ៊ុនផលិតឡានអគ្គិសនីក្នុងស្រុក VinFast កំពុងនាំមុខការផ្លាស់ប្តូរ ដោយកាន់កាប់ចំណែកទីផ្សារជិត១ភាគ៥ នេះបើយោងតាមព័ត៌មានរបស់សភាពាណិជ្ជកម្មអឺរ៉ុប។ ប៉ុន្តែវានៅតែជាចំណែកតូចមួយនៃទីផ្សារទោចក្រយានយន្តប៉ុណ្ណោះ៕
ប្រភព ៖ South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា
