បង្ក្រាបទីតាំងលួចលាក់បង្កប់បទល្មើសអនឡាញ ឃាត់ខ្លួនជន​បរទេស​ជាង ៣០០នាក់ នៅខេត្តក្រចេះ

ក្រចេះ៖ អភិបាលខេត្តក្រចេះឯកឧត្តម វ៉ា ថន នៅថ្ងៃទី១៦ ខែកក្កដានេះបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ចុះបង្ក្រាប​ទីតាំងដែលសង្ស័យ មានលួចលាក់បង្កប់បទល្មើសអនឡាញ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំ២ធ្នូ ស្រុកស្នួល
ដោយបានឃាត់ខ្លួនជនបរទេស ៣១២នាក់ និងដកហូតវត្ថុតាង​ដែលបម្រើឱ្យ​ការប្រព្រឹត្តបទល្មើសមានកុំព្យូទ័រ ៣២៩គ្រឿង, ទូរសព្ទ ១.៦៣០គ្រឿង។

សេចក្តីរាយការណ៍បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការកម្លាំង​សមត្ថកិច្ចចម្រុះខេត្ត ដោយសហការជាមួយ អាជ្ញាធរមាន​សមត្ថកិច្ចមូលដ្ឋានបានធ្វើការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅលើទីតាំងលួចបង្កប់បទល្មើស Online Scams ដោយបានរកឃើញ និងឃាត់ខ្លួនជនជាតិបរទេសចំនួន​៣១២នាក់(ស្រី៥៦នាក់) ក្នុងនោះមាន ជនជាតិវៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូនេស៊ី ចិន និងមីយ៉ាន់ម៉ា។

ក្រោយការបង្ក្រាបទាំងជនសង្ស័យនិងវត្ថុតាងដែលដកហូតបាន ត្រូវបានប្រគល់ និងបញ្ជូនមកកាន់ស្នងការដ្ឋាន​នគរបាលខេត្ត​ក្រចេះ ដើម្បីចាត់ការជាបន្តតាមនីតិវិធីច្បាប់។

ដោយឡែក ចំពោះមេខ្លោងដែលជាប់ពាក់ព័ន្ធនឹងអំពើ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យាអនឡាញនេះ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង៕
ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner