អាមេរិកឲ្យកងកម្លាំងស៊ីរី ចេញពីតំបន់ភាគខាងត្បូង
បរទេស ៖ សហរដ្ឋអាមេរិកបានអំពាវនាវ ឲ្យកងកម្លាំងរដ្ឋាភិបាលប្រទេសស៊ីរី ចាកចេញពីតំបន់ភាគខាងត្បូង ដែលកំពុងផ្ទុះជម្លោះប្រដាប់អាវុធ ដើម្បីបន្ថយភាពតានតឹង ជាមួយអ៊ីស្រាអែល។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា «តាមពិតទៅ យើងកំពុងអំពាវនាវឱ្យរដ្ឋាភិបាលស៊ីរី ដកទ័ពរបស់ពួកគេចេញ ដើម្បីអាចឱ្យភាគីទាំងអស់ បន្ធូរបន្ថយ និងស្វែងរកផ្លូវឆ្ពោះទៅមុខ»។ យ៉ាងណាមិញ លោកស្រី មិនបានបញ្ជាក់ពីតំបន់ជាក់លាក់ណាមួយ សម្រាប់ការដកកងទ័ពស៊ីរី ចេញនោះទេ។
តំបន់ឡើងកម្តៅ ឬ តំបន់ Flashpoint ជាទីតាំងដែលទាហានអ៊ីស្រាអែល បានលូកដៃចូលក្នុងអំពើហិង្សា ដោយយកលេសថា ដើម្បីការពារ សហគមន៍ Druze ពីការវាយវាយប្រហារ ពីសំណាក់កងទ័ពរបស់ទីក្រុងដាម៉ាស។
ថ្មីៗនេះ កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារ នៅក្នុងខេត្ត Sweida ភាគខាងត្បូង ប្រទេសស៊ីរី ជាកន្លែង ដែលមនុស្សរាប់សិបនាក់ បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នា រវាងកុលសម្ព័ន្ធ Sunni Bedouin និងយុទ្ធជន Druze។ របាយការណ៍របស់ក្រុមអ្នកឃ្លាំមើល បានប្រាប់ថា ជម្លោះប្រដាប់អាវុធ នាភាគខាងត្បូង ប្រទេសស៊ីរី ប្រមាណ៤ថ្ងៃ មកនេះ មានមនុស្ស៣៥០នាក់ ត្រូវបានសម្លាប់៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត