ក្រសួងកសិកម្ម និង សហភាពអឺរ៉ុប បើកកម្មវិធី បណ្តុះបណ្តាលគ្រូបង្គោល សម្រាប់មន្ត្រីកសិកម្មឃុំ ស្តីពីផលិតកម្មស្វាយចន្ទី និងម្រេច

(ភ្នំពេញ)៖ សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា (EU) ស្ថានទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន បើកកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល ជាផ្លូវការ ដែលផ្តោតសំខាន់លើការពង្រឹងសមត្ថភាព របស់មន្ត្រីកសិកម្មឃុំ និងកសិករគំរូដើម្បីលើកកម្ពស់ផលិតកម្មស្វាយចន្ទី និងម្រេចដែល ធន់នឹងអាកាសធាតុ។

ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ ២០២៥នេះបានឱ្យដឹងថាក្នុងកម្មវិធីនៃវគ្គបណ្តុះបណ្តាលដែលបានរៀបចំឡើងនាដើមខែកក្កដាកន្លងមកនេះ មានសមាជិកចូលរួមសរុប ១៦៩ នាក់ រួមមាន មន្ត្រីកសិកម្មឃុំ កសិករគំរូ មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ និង តំណាងវិស័យឯកជន។ កម្មវិធីបណ្តុះបណ្តាល នេះផ្តល់ឱ្យមន្ត្រីកសិកម្មឃុំ នូវជំនាញបច្ចេកទេស និងជំនាញសម្របសម្រួលស្របតាម លក្ខខណ្ឌដំណាំនៅក្នុងស្រុក ក៏ដូចជាការអនុវត្តការគ្រប់គ្រងត្រឹមត្រូវក្រោយការប្រមូលផល ដែល ទាំងនេះនឹងជួយបំពេញតម្រូវការផ្សេងៗរបស់កសិករឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងទៅលើតួនាទីសំខាន់ៗរបស់មន្ត្រីកសិកម្មឃុំដោយបញ្ជាក់ថា “កម្មវិធីបណ្តុះបណ្តាលនេះនឹង ជួយពង្រឹងសមត្ថភាពប្រតិបត្តិការរបស់មន្ត្រីកសិកម្មឃុំ (CAOs) ក្នុងការផ្តល់សេវាផ្សព្វផ្សាយ កសិកម្មឱ្យមានប្រសិទ្ធភាព។ កម្មវិធីនេះនឹងជួយឱ្យពួកគាត់មានលទ្ធភាពណែនាំកសិករក្នុងការ អនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុ សំដៅជំរុញផលិតភាព និងប្រាក់ចំណេញ ហើយទន្ទឹមនឹង នេះក៏នឹងជួយដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើបផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺ ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសអាទិភាពទី ៦ ស្តីពីការដាក់ ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប”។

ជាមួយគ្នានេះលោក ប្រាយអិន ហ្វរណារី (Bryan Fornari) ប្រធានកិច្ចសហប្រតិបត្តិការ ប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា(EU) បានកត់សម្គាល់ថា៖ “ការការពារបរិស្ថាន និងសុវត្ថិភាពចំណីអាហារ គឺជាចំណុច អាទិភាពនៅក្នុងការចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប (EU) និងទីផ្សារពិភពលោកដទៃទៀត។ ការ ពង្រឹងសមត្ថភាពក្នុងស្រុកនឹងជួយឱ្យប្រទេសកម្ពុជាបង្កើនការនាំចេញផលិតផលស្វាយចន្ទី និង ម្រេចកែច្នៃដែលមានគុណភាពខ្ពស់។ ក្រុមអឺរ៉ុបនៅតែបន្តប្តេជ្ញាចិត្តគាំទ្រការងារនៅតាមជនបទ និងបរិយាបន្នកំណើនផលិតផលប្រកបដោយចីរភាពដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍ កសិកម្មទូទាំងប្រទេស។” បន្ថែមលើនេះទៅទៀត ប្រទេសអាល្លឺម៉ង់ក្នុងភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (MAFF) ប្តេជ្ញាចិត្តក្នុងការជំរុញភាពធន់ក្នុងការបង្កើនសន្តិសុខស្បៀង និងគាំទ្រដល់ កំណើនបរិយាបន្នសេដ្ឋកិច្ចតាមរយៈគំនិតផ្តួចផ្តើមកសិកម្មប្រកបដោយចរីភាពដែលជះឥទ្ធិពលជា វិជ្ជមានដល់សហគមន៍ទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល (ToT) គាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុង ការអភិវឌ្ឍសហគមន៍កសិកម្មដែលធន់នឹងអាកាសធាតុ តាមរយៈការពង្រឹងប្រព័ន្ធផ្សព្វផ្សាយ កសិកម្មសាធារណៈ។ ការគាំទ្រក្នុងស្រុកប្រកបដោយប្រសិទ្ធភាព គឺជាចំណុចគន្លឹះនៅក្នុងការដោះ ស្រាយបញ្ហាប្រឈមរបស់កសិករ រួមទាំងការទទួលហិរញ្ញប្បទាន ការប្រឹក្សាបច្ចេកទេស និងបណ្តាញ ទីផ្សារ។

ជាមួយគ្នាគំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃវិធីសាស្ត្រដ៏ទូលំទូលាយរបស់ក្រុមអឺរ៉ុបដែលមានទាំងជំនួយ បច្ចេកទេស ការកសាងសមត្ថភាព និងការសម្របសម្រួលទីផ្សារដើម្បីជំរុញខ្សែចង្វាក់តម្លៃកសិកម្ម ប្រកបដោយនិរន្តរភាពដោយគ្មានការកាប់បំផ្លាញព្រៃឈើ។ តាមរយៈការពង្រឹងសេវាផ្សព្វផ្សាយ កសិកម្មបន្ថែមរបស់រាជរដ្ឋាភិបាល ក្រុមអឺរ៉ុបស្របតាមគោលនយោបាយជាតិរបស់កម្ពុជា នឹងរួម ចំណែកដល់ការអភិវឌ្ឍជនបទប្រកបដោយបរិយាបន្ន និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង លើការនាំចេញ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner